ក្រុមហ៊ុនចិនចំនួន២ មកបង្ហាញផែនការចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា
គណៈប្រតិភូក្រុមហ៊ុន ហ្គ័រស៊ីងគ្រុប និងក្រុមហ៊ុន អ៊ូហាន់ ឈូយាវ តិចណូឡូជី ឯ.ក បានមកបង្ហាញពីផែនការពង្រីកវិសាលភាពនៃការវិនិយោគលើវិស័យសក្តានុពលរបស់ខ្លួននៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងពីរនេះ បានមកជួបពិភាក្សាជាមួយស្ថាប័នរដ្ឋាភិបាលរួចរាល់ហើយ។
នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយគណៈប្រតិភូក្រុមហ៊ុនទាំងពីរដឹកនាំដោយ ឧកញ៉ា លី ហ្គួលាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គ័រស៊ីងគ្រុប នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។
នាឱកាសនោះ ឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានជម្រាបអំពីសាវតានៃការចាប់ផ្តើមវិនិយោគនៅកម្ពុជា និងបច្ចុប្បន្នភាពនៃដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហ្គ័រស៊ីងគ្រុប មានជាអាទិ៍៖ រោងចក្រឧស្សាហកម្មកែច្នៃក្តារបន្តះពីដើមកៅស៊ូ, ក្រុមហ៊ុននាំចេញនាំចូលគ្រឿងសំណង់, និងក្រុមហ៊ុនសាងសង់។
ជាមួយគ្នានេះ ឧកញ៉ាក៏បានជម្រាបបន្ថែមអំពីផែនការក្នុងការពង្រីកវិសាលភាពនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយគ្រោងនឹងសហការជាមួយដៃគូវិនិយោគចិន ដែលមានបទពិសោធន៍ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដើម្បីបង្កើតការវិនិយោគថ្មីៗដូចជា៖ ការវិនិយោគលើផ្នែកកសិកម្ម, ការបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស, និងកាវិនិយោគលើផ្នែកដឹកជញ្ជូន នាំចេញ-នាំចូល ជាដើម។
ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីវិស័យសក្កានុពលនានាបន្ថែម ដែលមានភាពអំណោយផលខ្ពស់ដល់វិនិយោគិនបរទេស រួមមាន៖ វិស័យឧស្សាហកម្មគ្រឿងអេឡិចត្រូនិក, ឧស្សាហកម្មកែច្នៃចំណីអាហារ និងគ្រឿងឧបភោគបរិភោគ, និងឧស្សាហកម្មពាក់ព័ន្ធនឹងគ្រឿងបង្គុំរថយន្ត ជាដើម។ ឯកឧត្តមបន្តថា CDC រីករាយក្នុងការផ្តល់ការណែនាំ សម្របសម្រួល សំដៅធ្វើឱ្យការសម្រេចចិត្តវិនិយោគកាន់តែមានភាពច្បាស់លាស់ត្រឹមត្រូវផងដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៤០គម្រោង មានទំហំទុនវិនិយោគប្រមាណ ៦,៧ពាន់លានដុល្លារ។ (អានបន្ថែម)
នៅពេលដែលប្រទេសកម្ពុជាបន្តជំរុញទិដ្ឋភាពសេដ្ឋកិច្ចរបស់ខ្លួន ការរួមចំណែកពីដៃគូអន្តរជាតិដូចជា Guoxin Group និង Wuhan Chuyao Technology Co., Ltd. ត្រូវបានកំណត់ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើន និងការច្នៃប្រឌិតនៅក្នុងតំបន់។
- Video Advertisement -