ក្រុមហ៊ុនចិនមកពីគ័ងចូវ ចង់វិនិយោគវិស័យយានយន្តដែលប្រើប្រាស់ថាមពលថ្មី នៅកម្ពុជា
ក្រុមហ៊ុន Infinite Capital Holding Company (ICAP) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងកសិ-ឧស្សាហកម្ម និងមានមូលដ្ឋាននៅទីក្រុងក្វាងចូវ ប្រទេសចិន បានប្រកាសពីចេតនារបស់ខ្លួនក្នុងការវិនិយោគលើវិស័យយានយន្តដោយប្រើប្រាស់ថាមពលថ្មី និងកសិឧស្សាហកម្ម ជាពិសេសផ្តោតលើកសិផលគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាង ឆាវមីន (Zhang Chaomin) ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពដែលកំពុងមាន និងឆាប់ទទួលបានផលចំណេញ។ ក្នុងនោះដែរ ឯកឧត្តមក៏ បានរំលេចឡើងនូវសក្តានុពល និងកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យទាំងពីរនេះនូវគោលនយោបាយគាំទ្រ និងក្របខណ្ឌលើកទឹកចិត្តផ្សេងៗដល់ក្រុមហ៊ុនខាងលើ។
ធាតុសំខាន់នៃកិច្ចពិភាក្សានេះ ក៏បានផ្តោតទៅលើគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូទ្បូស៊ីយានយន្តអគ្គសនី។
ដើម្បីជំរុញការងារក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចផ្តល់នូវគោលការណ៍បង្កើតសួនឧស្សាហកម្មស្វាយចន្ទីដល់អាជ្ញាធរខេត្តកំពង់ធំ។ (អានបន្ថែម)
តំបន់កសិឧស្សាហកម្មស្វាយចន្ទីនេះ នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសជាច្រើនផ្សេងទៀត។
កន្លងមកមានក្រុមហ៊ុនកសិកម្មរបស់រដ្ឋចិនដ៏លេចធ្លោមួយ បាននិងកំពុងសិក្សាសមិទ្ធិលទ្ធភាពក្នុងការសាងសង់ឃ្លាំងស្តុក និងកន្លែងសម្ងួតកសិផលស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំផងដែរ។ (អានបន្ថែម)
គួរបញ្ជាក់ថា ក្រុមហ៊ុន ICAP ត្រូវបានបង្កើតទ្បើងតាមរយៈគំនិតផ្តួចផ្តើម និងការគាំទ្ររបស់រដ្ឋាភិបាលក្រុងគ័ងចូវ ហើយក្រុមហ៊ុនបានផ្តោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិម្មិត (AI), សឺមីកុងឌុចទ័រ (Semiconductor), ថាមពលថ្មី និងសរសៃការបូន (Carbon Fiber) ជាដើម។
មហិច្ឆតារបស់ក្រុមហ៊ុនក្នុងការចូលក្នុងទីផ្សារកម្ពុជា គឺជាជំហានដ៏ជោគជ័យមួយឆ្ពោះទៅរកការលើកកម្ពស់ទិដ្ឋភាពវិនិយោគ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេស។


- Video Advertisement -