ក្រុមហ៊ុនច្នៃម្ហូបអាហារដ៏ល្បីមកពីប៉ូឡូញ បង្ហាញផែនការចង់ពង្រីកខ្លួននៅកម្ពុជា
ក្រុមហ៊ុនកែច្នៃចំណីអាហាររបស់ប្រទេសប៉ូឡូញ LipCo Foods បានបង្ហាញពីផែនការ ក្នុងការបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់។ នេះបើតាមជំនួបរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។
នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យឯកជន ដោយបានទទួលស្គាល់ថាជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។ វេទិការរដ្ឋាភិបាល និងឯកជន ត្រូវបានរៀបចំឡើងនៅរៀងរាល់៦ខែម្តង ដើម្បីផ្តល់ឱកាសឱ្យអ្នកវិនិយោគឯកជនលើកឡើងពីបញ្ហានានា និងស្វែងរកដំណោះស្រាយភ្លាមៗ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏រៀបចំកិច្ចប្រជុំប្រចាំឆ្នាំជាមួយសមាគមធុរកិច្ចល្បីៗ ដូចជាសមាគមធុរកិច្ចជប៉ុន សភាពាណិជ្ជកម្មអាមេរិក សភាពាណិជ្ជកម្មអឺរ៉ុប និងសមាគមធុរកិច្ចកូរ៉េផងដែរ។
ដោយឡែក លោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុន LipCo ក៏បានលើកឡើងអំពីបទពិសោធន៍ជោគជ័យរបស់ក្រុមហ៊ុនខ្លួន ក្នុងផលិតកម្មកែច្នៃចំណីអាហារដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារអឺរ៉ុប ដោយបានបញ្ជាក់អំពីភូមិសាស្រ្តប្រទេសប៉ូឡូញ ដែលសម្បូរទៅដោយភោគផលធម្មជាតិ និងផលិតផលកសិកម្មទ្រង់ទ្រាយធំ ដូចជា ការចិញ្ចឹមជ្រូកយកសាច់ និងការដាំដំណាំផ្លែប៉ោមជាដើម។
ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ផងដែរ។
ដោយមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា លើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីវិស័យឯកជន ក៏ដូចជាសក្តានុពលនានារបស់កម្ពុជា លោកនាយកប្រតិបត្តិបានបង្ហាញអារម្មណ៍កក់ក្តៅ និងសុទិដ្ឋិនិយមកាន់តែខ្ពស់ និងសម្តែងនូវចេតនាក្នុងការពន្លឿនផែនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា សំដៅធ្វើឱ្យលេចចេញជារូបរាងកាន់តែឆាប់រហ័ស។
ការអភិវឌ្ឍន៍នេះ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគអន្តរជាតិ ដើម្បីជំរុញទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេស។


- Video Advertisement -