ក្រុមហ៊ុនជប៉ុនជាច្រើនដកអាជីវកម្មចេញពីចិន ខណៈវៀតណាមកំពុងក្លាយជាគោលដៅបន្ទាប់

ក្រុមហ៊ុនជប៉ុន កំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងអំពីប្រតិបត្តិការនៅក្នុងប្រទេសចិន ដោយសារហានិភ័យនៃខ្សែច្រវាក់ផ្គត់ផ្គង់ ច្បាប់ប្រឆាំងចារកម្ម និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយបង្កើតបរិយាកាសធុរកិច្ចមិនច្បាស់លាស់។ ជាមួយនឹងចំនួនអាជីវកម្មជប៉ុនប្រមាណ ១៣.០៣៤របស់ជប៉ុន ដែលកំពុងដំណើរការនៅក្នុងប្រទេសចិន បច្ចុប្បន្នចំនួនក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសចិនបានថយចុះ ៩,៤% ដែលនេះជាតួលេខមួយខ្ពស់ ខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១២មក  នេះបើយោងតាមប្រភពពីការស្ទង់មតិនាពេលថ្មីៗនេះដោយ Teikoku Databank និងធ្វើបច្ចុប្បន្នភាពដោយ Asia.nikkei នៅថ្ងៃទី 0៦ ខែសីហា ឆ្នាំ ២០២៤។

បន្ទាប់ពីមានការកើនឡើងតិចតួចនៃក្រុមហ៊ុនចំនួន ៣២៨ ក្នុងឆ្នាំ ២០២២ របាយការណ៍នេះបង្ហាញពីការស្ទាក់ស្ទើរកាន់តែខ្លាំងឡើងក្នុងចំណោមក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគនៅក្នុងប្រទេសចិន។ លោក Daisuke Iijima អ្នកស្រាវជ្រាវនៅក្រុមហ៊ុន Teikoku Databank បានកត់សម្គាល់ថា “មែនទែនទៅ ចំណង់វិនិយោគរបស់ក្រុមហ៊ុនជប៉ុនដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន កំពុងថយចុះច្រើនជាងទិន្នន័យដែលបានបង្ហាញទៅទៀត” ។

លោកបានចង្អុលបង្ហាញថា ការកើនឡើងថ្លៃពលកម្មដែលបានកើនឡើងទ្វេដងក្នុងទសវត្សរ៍កន្លងមក ហើយការកើនឡើងភាពតានតឹងជាមួយសហរដ្ឋអាមេរិកកំពុងជំរុញឱ្យក្រុមហ៊ុននានាពិចារណាឡើងវិញថាតើគេគួរបន្តដាក់ប្រទេសចិនជាមជ្ឈមណ្ឌលនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេទៀតដែរឬទេ។

“ក្រុមហ៊ុនកាន់តែច្រើនមើលឃើញពីហានិភ័យនៃការគ្រប់គ្រងក្នុងការដាក់ប្រទេសចិននៅកណ្តាលនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ ហើយកំពុងរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក ឬផ្លាស់ប្តូរពួកគេទៅកាន់អាស៊ីអាគ្នេយ៍វិញ” លោ​ក Iijima បានបន្ថែម។

លទ្ធផលនៃរបាយការណ៍ស្ទង់មតិនេះ ក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុនផលិត ជាពិសេសនៅក្នុងវិស័យរថយន្ត អេឡិចត្រូនិក និងគ្រឿងអេឡិចត្រូនិក តំណាងឱ្យផ្នែកធំបំផុតនៃក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ របាំងពាណិជ្ជកម្មដែលចាប់បង្ខំឱ្យអនុវត្តដោយទីក្រុងវ៉ាស៊ីនតោន និងបទប្បញ្ញត្តិដែលមិនអាចទាយទុកជាមុនបាននៅក្នុងប្រទេសចិន មានដូចជាការចាប់ខ្លួនបុគ្គលិកជប៉ុនម្នាក់របស់ក្រុមហ៊ុន Astellas Pharma ពីបទចារកម្មនៅឆ្នាំ ២០២៣ ជាដើម កំពុងរារាំងការវិនិយោគបន្ថែមទៀត។

លោក Iijima បានកត់សម្គាល់ថា “ស្ថានភាពនយោបាយមានភាពស្មុគស្មាញ ប៉ុន្តែក្នុងហានិភ័យមិនមែនថាមិនមានឱកាសនោះទេ គឺយើងសំឡឹងឃើញឱកាសទីផ្សារមួយនោះគឺចំនួនប្រជាជនវ័យចំណាស់ ២០០ លាននាក់របស់ប្រទេសនេះ បើគិតទៅគឺមានចំនួនច្រើនជាងប្រជាជនជប៉ុនទាំងមូលទៅទៀត” ។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏ក្រុមហ៊ុនជប៉ុនមួយចំនួននៅតែបន្តមើលឃើញឱកាសនៅក្នុងទីផ្សារដ៏ធំរបស់ប្រទេសចិន។ ជាឧទាហរណ៍ ឧស្សាហកម្មថែទាំមនុស្សចាស់កំពុងពង្រីកខ្លួនដើម្បីផ្គត់ផ្គង់ដល់ប្រជាជនវ័យចំណាស់របស់ប្រទេស។ តួយ៉ាងដូចជាក្រុមហ៊ុន Yamashita ជាដើម ដែលជាក្រុមហ៊ុនឯកទេសខាងឧបករណ៍ថែទាំគិលានុបដ្ឋាយិកាបានបង្កើតវត្តមាននៅទីក្រុងសៀងហៃក្នុងខែមីនាឆ្នាំ ២០២៤ ដោយចាត់ទុកចំនួនប្រជាជនវ័យចំណាស់ ២០០ លាននាក់របស់ប្រទេសចិនជាឱកាសដ៏សំខាន់មួយ។

លោក Iijima បានពន្យល់បន្ថែមថា ថ្វីត្បិតតែខណៈពេលនេះ មានក្រុមហ៊ុនជប៉ុនមួយចំនួនធំ កំពុងស្វែងរកវិធីដកឃ្លាចេញពីប្រទេសចិនដោយមិនធ្វើឱ្យរង្គើដល់អាជ្ញាធរចិនមូលដ្ឋានមែនក៏ដោយ ក៏ការចាកចេញក្នុងទ្រង់ទ្រាយធំ ទំនងជាមិនអាចទៅរួចនោះទេ។

ជុំវិញបញ្ហាដដែល របាយ​ការណ៍ស្រដៀងគ្នាមួយ​ក៏បាន​បង្ហាញ​ថា ​ប្រទេស​ចិន​កំពុងបាត់​បង់​ភាពទាកទាញ​របស់​ខ្លួន។ ក្នុងការសិក្សាស្រាវជ្រាវមួយនៅឆ្នាំ ២០២៣ ធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ បានស្នើឱ្យក្រុមហ៊ុនជប៉ុនជាង ៥០០ ធ្វើចំណាត់ថ្នាក់ឈ្មោះប្រទេសដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍អាជីវកម្មក្នុងរយៈពេល ០៣ ឆ្នាំខាងមុខ។ ជាលទ្ធផល ប្រទេសចិនបានធ្លាក់មកចំណាត់ថ្នាក់លេខ ០៣ ដែលជាចំណាត់ថ្នាក់ទាបបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៤ មក។ ចំណែកប្រទេសវៀតណាម(ដែលបានសំណាងពីការផ្លាស់ទីក្រុមហ៊ុនចេញពីប្រទេសចិន) បានជាប់ចំណាត់ថ្នាក់ទី០២ ជាលើកដំបូងចាប់តាំងពីការស្ទង់មតិប្រចាំឆ្នាំ បានចាប់ផ្តើមនៅឆ្នាំ ១៩៨៩រៀងមក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]