ក្រុមហ៊ុនជប៉ុនប្រកាសថែមទុន ១៥លានដុល្លារ ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មអេឡិចត្រូនិកដែលកំពុងរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនជប៉ុនដ៏លេចធ្លោមួយបានប្រកាសពីផែនការវិនិយោគបន្ថែមប្រមាណ ១៥លានដុល្លារ ដើម្បីពង្រីកប្រតិបត្តិការផលិតឧបករណ៍អេឡិចត្រូនិករបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសមួយនេះ។
ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Kensuke Watanabe នាយករដ្ឋបាល និងធនធានមនុស្សនៅ Minebea នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានសិក្សាស្វែងយល់ពីច្បាប់ និងបទប្បញ្ញត្តិជុំវិញផែនការពង្រីកក្រុមហ៊ុន ដោយភាគីក្រុមហ៊ុន Minebea បានប្ដេជ្ញាចិត្តថានឹងថែមទុនវិនិយោគចំនួន ១៥លានដុល្លារបន្ថែមទៀត។ ផែនការដ៏សំខាន់នេះគឺជាការបញ្ជាក់ពីការយកចិត្តទុកដាក់ និងភាពជឿជាក់របស់ក្រុមហ៊ុនចំពោះទីផ្សារកម្ពុជា។
គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន ក្រុមហ៊ុន Minebea បានបោះទុនវិនិយោគនៅកម្ពុជាប្រមាណជាង ៧០០លានដុល្លារ រួចមកហើយ តាមរយៈការផលិតគ្រឿងបន្លាស់អេឡិចត្រូនិចផ្សេងៗ ដែលបានបើកដំណើរការតាំងពីឆ្នាំ២០១១ មកម្ល៉េះ ។
គួររំលឹកថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន មីនេបៀ «Minebea» បានមកបើកការដ្ឋានសាងសង់ រោងចក្រទី២របស់ខ្លួន លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ៥០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ (អានបន្ថែម)
ជាមួយនឹងការវិនិយោគចុងក្រោយនេះ ក្រុមហ៊ុន Minebea បានបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់ខ្លួនជាតួអង្គដ៏សំខាន់ក្នុងទិដ្ឋភាពឧស្សាហកម្មរបស់កម្ពុជា ដោយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ នៅពេលដែលក្រុមហ៊ុនជំរុញប្រតិបត្តិការរបស់ខ្លួន កម្លាំងពលកម្មក្នុងស្រុក និងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីលំហូរនៃទុន និងជំនាញទាំងនេះ។


- Video Advertisement -