ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុន Prime Road Alternative បានឈ្នះការដេញថ្លៃ លើគម្រោងថាមពលពន្លឺព្រះអាទិត្យ ឬសូឡា អនុភាព៦០មេហ្គាវ៉ាត នៅខេត្តកំពង់ឆ្នាំង ជាមួយនឹងតម្លៃផលិតលក់ចេញទាបជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
គម្រោងថាមពលសូឡានេះ បានបើកឲ្យអ្នកវិនិយោគឯកជនចូលរួមដេញថ្លៃជាសាធារណៈកាលពីខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីការសិក្សាសមទ្ធិលទ្ធភាពដោយក្រុមអ្នកជំនាញនៃធនាគារអភិវឌ្ឍអាស៊ីហៅកាត់ថា ADB បានបញ្ចប់។ (អានបន្ថែម)
គម្រោងស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ គឺជាគម្រោងជំហានដំបូង មានអានុភាព ៦០មេហ្កាវ៉ាត់ ក្នុងរូបភាពសាងសង់-គ្រប់គ្រង-អាជីវកម្ម នៅខេត្តកំពង់ឆ្នាំង ក្នុងកិច្ចសហប្រតិបត្តិការជាមួយ ADB ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ក្រុមហ៊ុន Prime Road Alternative បានដាក់តម្លៃ គឺ៣,៨៧៧សេនដុល្លារអាមេរិកក្នុងមួយគីឡូវ៉ាតម៉ោង ក្នុងចំណោមក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុកចំនួន ២៦ក្រុមហ៊ុន ហើយបានក្លាយជាក្រុមហ៊ុនដែលមានតម្លៃលក់ថាមពលទាបជាងគេនៅអាស៊ីអាគ្នេយ៍។
គម្រោងវិនិយោគថាមពលពន្លឺព្រះអាទិត្យ ដែលមានអានុភាព ៦០មេហ្គាវ៉ាត ស្ថិតក្នុងដំណាក់កាលទី១នៃគម្រោងថាមពលសូឡា ១០០មេហ្គាវ៉ាត ដែលជាគម្រោងគាំទ្រដោយ ADB។
អាជ្ញាធរអគ្គិសនីកម្ពុជា EDC ទទួលបន្ទុកជាអ្នកផ្តល់ទីតាំងដីសម្រាប់សាងសង់ស្ថានីយ៍សូឡា និងការតបណ្តាញខ្សែបញ្ជូនចូលស្ថានីយ ចំណែកឯក្រុមហ៊ុនឯកជនឈ្នះការដេញថ្លៃជាអ្នកផ្គត់ផ្គង់ថាមពលផ្អែកតាមកិច្ចព្រមព្រៀងទិញថាមពលរយៈពេលជាមួយអាជ្ញាធរអគ្គិសនី។
យោងតាមក្រសួងរ៉ែ និងថាមពល បន្ទាប់ពីកាលបរិច្ឆេទចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជ័យលាភី យ៉ាងយូរ ២៤ខែ ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យក្នុងខេត្តកំពង់ឆ្នាំង នឹងចាប់ផ្តើមបញ្ចេញថាមពល៕