ក្រុមហ៊ុនទេសចរណ៍ដ៏ល្បីមកពីអាល្លឺម៉ង់ សម្ពោធបើកដំណើរការសណ្ឋាគារប្រណិតនៅព្រះសីហនុ
ក្រុមហ៊ុផ្តល់សេវាកម្មទេសចរណ៍ដ៏ល្បីមួយមកពីប្រទេសអាល្លឺម៉ង់ បានសម្ពោធបើកដំណើរការសណ្ឋាគារដ៏ប្រណិតមួយ មានកម្ពស់១៧ជាន់ ស្ថិតនៅចំកណា្តលក្រុងព្រះសីហនុ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ ពិធីសម្ពោធនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយភាគីពាក់ព័ន្ធសំខាន់ៗក្នុងឧស្សាហកម្មនេះ។
នាឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់ប្រទេសអាល្លឺម៉ង់ដែលបានមកបណ្តាក់វិនិយោគលើវិស័យទេសចរណ៍នៅប្រទេសកម្ពុជាដែលជាប្រទេសប្រកបដោយសក្តានុពលទេសចរណ៍ និងមានសុខសន្តិភាពពេញលេញ ពិសេសគឺទទួលបាននូវការលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោក Artur Gerber នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TUI BLUE HOTELS & RESORTS បានឱ្យដឹងថា ការបើកដំណើរការសណ្ឋាគារនេះ ជាការចាប់ផ្តើមគម្រោងដំបូងលើគម្រោងវិនិយោគជាច្រើនតទៀតរបស់ក្រុមហ៊ុននៅកម្ពុជា ហើយវត្តមានរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជានាពេលនេះ គឺផ្អែកលើសក្តានុពលទេសចរណ៍របស់កម្ពុជា បន្ថែមជាមួយនឹងកិច្ចសហការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពិសេសរាជរដ្ឋាភិបាល។
លោកបន្តថា សណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយនេះ គឺមានទីតាំងស្ថិតនៅចំកណ្តាលក្រុងព្រះសីហនុ មានកំពស់ ១៧ជាន់ និងមានបន្ទប់ជិត ២០០បន្ទប់ រួមទាំងបំពាក់បរិក្ខារទំនើបៗ អាងហែលទឹក សាលប្រជុំ និង Ball Room ជាដើម។ ដោយឡែក ការសម្ពោធសណ្ឋាគារនាពេលនេះ គឺដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនារដូវកាលបៃតង (Green Season)ផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន TUI BLUE HOTELS & RESORTS គឺជាក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ធំរបស់ប្រទេសអាលឺ្លម៉ង់ គ្រប់គ្រងលើសណ្ឋាគារ និងរីសេតចំនួនជាង ៤០០កន្លែង ដ៏ពេញនិយមជុំវិញពិភពលោក ដោយមានម៉ាកសញ្ញាពាណិជ្ជកម្មដ៏ល្បីច្រើនជាង ១០ម៉ាក៕

- Video Advertisement -