ក្រុមហ៊ុនផលិតគ្រឿងចក្រសំណង់ដ៏ធំរបស់ជប៉ុនគ្រោងវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ SAKAI Heavy Industries, Ltd ជាក្រុមក្រុមហ៊ុនផលិតនិងចែកចាយផលិតផល និងឧបករណ៍គ្រឿងសំណង់ដ៏ធំមួយនៅក្នុងទីផ្សាររបស់ជប៉ុន គ្រោងនឹងពង្រីកអាជីវកម្ម និងការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា។
បង្កើតឡើងក្នុងឆ្នាំ ១៩១៨ ដែលមានការិយាល័យកណ្តាលក្នុងទីក្រុងតូក្យូ ក្រុមហ៊ុន Sakai ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗលើពិភពលោកក្នុងការនាំចេញ ដូចជាម៉ាស៊ីនកិនបង្ហាប់ដី (Soil Compactor) ម៉ាស៊ីនកិនបង្ហាប់ផ្លូវថ្នល់កៅស៊ូ (Asphalt Roller) និងម៉ាស៊ីនសម្រាប់ថែទាំផ្លូវថ្នល់ (Road maintenance) ជាដើម ព្រមទាំងផ្តល់នូវសេវាកម្មផ្សេងៗជាច្រើនទៀតក្នុងវិស័យសំណង់ផងដែរ។
កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសូងសាធារការ និងដឹកជញ្ជូនបានធ្វើទស្សនកិច្ចនៅក្រុមហ៊ុនជប៉ុន Sakai ហើយក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនជប៉ុននេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រុញឲ្យក្រុមហ៊ុន Sakai មកវិនិយោគលើទឹកដីព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីការជម្រុញឲ្យមានការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមួយនេះនៅលើទឹកដីកម្ពុជា ដែលកំពុងមានការវិនិយោគ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធយ៉ាងសស្រាក់សស្រាំ ព្រមទាំងគម្រោងអភិវឌ្ឍន៍ផ្សេងៗជាច្រើននាពេលបច្ចុប្បន្ន ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដោយសង្ខេបអំពីការវិវឌ្ឍថ្មីៗ ដែលបានជ្រោមជ្រែងដោយរដ្ឋាភិបាលជប៉ុន និងចូលរួមសាងសង់ដោយក្រុមហ៊ុនជប៉ុន។ គម្រោងទាំងនោះមានដូចជា គម្រោងស្ពានត្សឹបាសា គម្រោងផ្លូវជាតិលេខ៥ គម្រោងកំពង់ផែក្រុងព្រះសីហនុ គម្រោងប្រព័ន្ធរថភ្លើងប្រតិបត្តិការស្វ័យប្រវត្តិ (AGT) រោងចក្រប្រព្រឹត្តកម្មទឹកស្អាត កំពង់ផែប្រើប្រព័ន្ធ EDI និងគម្រោងប្លង់មេដឹកជញ្ជូនជាដើម។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ ២០១៦ កន្លងទៅនេះ ជប៉ុនជាក្រុមហ៊ុនបរទេសវិនិយោគលើវិស័យសំណង់នៅកម្ពុជាឈរលេខរៀងទីបី មានចំនួន១០ គម្រោង ដោយវិនិយោគលើផ្ទៃដីសរុប ប្រមាណជាង ១២ ម៉ឺនម៉ែត្រការ៉េ) និងមានទឹកប្រាក់វិនិយោគសរុបប្រមាណជាង ៤២ លានដុល្លារអាមេរិក។
អត្ថបទដោយ៖ ប៊ុនធឿន
អ៊ីម៉េល៖ bunthoeun.chhut@construction-property.com


- Video Advertisement -