ក្រុមហ៊ុនផលិតបរិក្ខារពេទ្យឈានមុខគេរបស់ចិន កំពុងពិនិត្យលទ្ធភាពសង់មណ្ឌលចាស់ជរានៅកម្ពុជា
ក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD ជាក្រុមហ៊ុនផលិតបរិក្ខារពេទ្យឈានមុខគេរបស់ប្រទេសចិន បានមកស្វែករកកិច្ចសហការនៅកម្ពុជា ដោយផ្តោតលើការដំឡើងប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនតាមមន្ទីរពេទ្យរដ្ឋ និងបង្កើតមណ្ឌលចាស់ជរា។
នេះបើតាមជំនួបរវាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក LIAN YU LIN អគ្គនាយកក្រុមហ៊ុន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោក LIAN YU LIN ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើការបំពាក់ប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែននៅតាមមន្ទីរពេទ្យសាធារណៈមួយចំនួនដែលអាចនៅមានតម្រូវការ។
លោកអគ្គនាយកបានប្តេជ្ញាចិត្ត និងផ្តល់ការយកចិត្តទុកដាក់លើក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រសួងសុខាភិបាល តាមការណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីធានាបាននូវនវានុវត្តន៍សេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
ជាមួយនឹងសំណើនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានគាំទ្រកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD លើគម្រោងផលិតអុកស៊ីសែន នៅមន្ទីរពេទ្យសាធារណៈនៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន រួមមាន (១) ស្នើសុំឱ្យក្រុមហ៊ុនពិភាក្សាការងារជាមួយ អ្នកជំនាញបច្ចេកទេសរបស់ក្រសួងជាមុន ដើម្បីកំណត់ពីមន្ទីរពេទ្យដែលនៅមានតម្រូវការជាក់ស្តែង (២) គម្រោងនេះចាំបាច់ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើភាពសុក្រិតនៃសម្ភារៈបរិក្ខារ ព្រោះថាអុកស៊ីសែនជាឱសថដែលមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគុណភាពខ្ពស់ក្នុងការព្យាបាល និងជួយអាយុជីវិតអ្នកជំងឺ (៣) គម្រោងនេះគួរតែមានការអនុវត្តជំហានតូចដើម្បីជាគម្រោងការសាកល្បងគំរូ មុននឹងសម្រេចលើគម្រោងបន្ទាប់ (៤) សុំឱ្យមានទស្សនៈកិច្ចសិក្សារបស់ក្រុមហ៊ុន ទៅមន្ទីរពេទ្យដែលមានម៉ាស៊ីនផលិតអុកស៊ីសែនឈានមុខគេ និងមន្ទីរពេទ្យដែលនៅមានតម្រូវការជំនួយលើការងារនេះផងដែរ។
កិច្ចសហការជាយុទ្ធសាស្ត្រនេះ ត្រូវបានគេរំពឹងថានឹងជួយជំរុញយ៉ាងខ្លាំងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការធានាការផ្គត់ផ្គង់អុកស៊ីហ្សែនដែលអាចទុកចិត្តបាន។



- Video Advertisement -