ក្រុមហ៊ុនភ្នំពេញព្រីខាសផ្លេនទទួលបានវិញ្ញាបនបត្រ័កម្រិតពិភពលោក ISO 9001:2015

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនភ្នំពេញព្រីខាសផ្លេនចេញផ្សាយកាលពីពេលថ្មីៗនេះ អង្គការ ISO កាលពីខែកញ្ញា ឆ្នាំ២០១៨បានសម្រេចផ្តល់វិញ្ញាបនបត្រ័កម្រិតពិភពលោក ISO 9001:2015 ដែលជាស្តង់ដារកម្រិតចុងក្រោយបង្អស់លើការគ្រប់គ្រងគុណភាពនិងប្រតិបត្តិការផលិតកម្មជូនដល់ក្រុមហ៊ុននេះ។

តាមការបញ្ជាក់របស់ក្រុមហ៊ុនសេចក្តីសម្រេចរបស់អង្គការ ISO គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមក្រមសីលធម៌វិជ្ជាជីវៈក្នុងសង្វាក់ផលិតកម្មក៏ដូចជាការគ្រប់គ្រងបុគ្គលិកផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ។

ទន្ទឹមនឹងនេះដែរ លោក កេត សុន្ធរៈនាយកគ្រប់គ្រងពាណិជ្ជកម្មរបស់ក្រុមហ៊ុនបានបញ្ជាក់ថា៖ «យើងពិតជារំភើបណាស់ដែលក្រុមហ៊ុនយើងបានក្លាយជាក្រុមហ៊ុនផលិតសសរគ្រឹះ បង្គោលភ្លើង និងលូធ្វើពីស៊ីម៉ង់ត៍ដំបូងគេដែលបានទទួលការវាយតម្លៃកម្រិត ISO 9001:2015»។

បន្ថែមលើនេះទៅទៀត លោក កេត សុន្ធរៈ បានសង្កត់ធ្ងន់ថា«មុននឹងឈានដល់ការទទួលបានវិញ្ញាបនបត្រ័ISO 9001:2015 យើងត្រូវអនុវត្តយ៉ាងម៉ត់ចត់តាមបទដ្ឋានបច្ចេកទេស ការពិសោធន៍លើគុណភាពវត្ថុធាតុដើមដែលប្រើប្រាស់ក្នុងផលិតកម្មក៏ដូចជាការវាយតម្លៃលើវិជ្ជាជីវៈនិងការគ្រប់គ្រងបុគ្គលិក»។

ម្យ៉ាងវិញទៀត ស្របពេលដែលវិស័យសំណង់នៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ក្រុមហ៊ុនភ្នំពេញព្រីខាសផ្លេននឹងបន្តធ្វើយ៉ាងណាផ្តល់ផលិតផលដែលមានគុណភាពខ្ពស់សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារសំណង់ដែលបច្ចុប្បន្នកំពុងមានសន្ទុះយ៉ាងខ្លាំង។

«វាជាកត្តាសំខាន់ណាស់ដែលយើងត្រូវផ្គត់ផ្គង់ផលិតផលប្រកបដោយគុណភាពខ្ពស់ស្របតាមបច្ចេកវិជ្ជានិងស្តង់ដារក្នុងវិស័យឧស្សាហកម្មសំណង់របស់យើង» លោក កេត សុន្ធរៈ បានបន្ថែមយ៉ាងដូច្នេះ។

- Video Advertisement -