ក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ បង្ហាញបំណងចង់វិនិយោគលើវិស័យឌីជីថលនៅកម្ពុជា
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុនម៉ាឡេស៊ីដ៏លេចធ្លោ២គឺ MMAG Holdings Berhad និង NexG Berhad បានបង្ហាញពីចេតនារបស់ពួកគេក្នុងការវិនិយោគលើវិស័យឌីជីថលនៅទីនេះ ដោយបច្ចុប្បន្នក្រុមហ៊ុនទាំងពីរ បានជួបពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាពីរឿងនេះរួចរាល់ហើយ។
នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយលោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃ MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។
នាឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនខាងលើ បានថ្លែងអំណរគុណសម្តេច ខណៈលោកថា នាពេលខាងមុខក្រុមហ៊ុនមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យឡូជីស្ទីកនៅកម្ពុជា។
ជាការឆ្លើយតប សម្តេចបានស្វាគមន៍ចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ ចំពោះវិស័យឌីជីថលវិញ សម្តេចធិបតី បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យឌីជីថលជាវិស័យអាទិភាពគន្លឹះ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែងនៅកម្ពុជា។
សូមជម្រាបថា អាជីវកម្មរបស់ក្រុមហ៊ុន MMAG Holdings Berhad និងក្រុមហ៊ុន NexG Berhad ដែលជាក្រុមហ៊ុនវិនិយោគធំមួយរបស់ប្រទេសម៉ាឡេស៊ី គឺមានជំនាញឯកទេសលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថល ហើយកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ បច្ចុប្បន្ន ក្រុមហ៊ុនខាងលើ ក៏មានប្រតិបត្តិការអាជីវកម្មលើផ្នែកឡូជីស្ទីកនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរផងដែរ៕
នៅពេលដែលប្រទេសកម្ពុជាបន្តដាក់ខ្លួនជាមជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិតឌីជីថល ការចាប់អារម្មណ៍ពីក្រុមហ៊ុនម៉ាឡេស៊ីបង្ហាញពីការអភិវឌ្ឍន៍ជាវិជ្ជមាន និងកំណើនសក្តានុពលសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស។ កិច្ចសហការនេះអាចត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងសន្តិសុខបច្ចេកវិទ្យា និងការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន ដោយធ្វើសមាហរណកម្មប្រទេសកម្ពុជាបន្ថែមទៀតទៅក្នុងយុគសម័យឌីជីថល។
- Video Advertisement -