ក្រុមហ៊ុនសិង្ហបុរីបង្ហើបជាថ្មីថាចង់វិនិយោគវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា
ក្រុមហ៊ុន YCH Group របស់សិង្ហបុរី បានបង្ហើបជាថ្មីម្តងទៀតថា ចង់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា ដោយផ្តោតលើវិស័យដឹកជញ្ជូន និងឡូជីស្ទីក។ នេះបើយោងតាមជំនួបពិភាក្សារវាងក្រុមហ៊ុន ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group បានឱ្យដឹងថា ក្រុមហ៊ុនបានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយចង់វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួមមាន៖ វិស័យដឹកជញ្ជូន និងឡូជីស្ទីក ជាដើម។
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ក្រុមហ៊ុន ដែលចង់វិនិយោគលើហេដ្ឋារចនាសម័្ពន្ធតភ្ជាប់នៅកម្ពុជា ខណៈរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងលើការកសាងប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ ដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវល្បឿនលឿន លើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ជាច្រើន។
គួររំលឹកថា កន្លងមកក្រុមហ៊ុន YCH Group និងក្រុមហ៊ុន WorldBridge Group ធ្លាប់បានកិច្ចព្រមព្រៀង បង្កើតមជ្ឈមណ្ឌលព័ស្តុភារទំនើបលំដាប់ពិភពលោកដំបូងគេនៅកម្ពុជា។(អានបន្ថែម)
ជាងនេះទៅទៀតក្រុមហ៊ុន YCH ក៏ធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យធំៗចំនួន៣ នៅកម្ពុជា រួមមានវិស័យពាណិជ្ជកម្ម ឃ្លាំងស្តុកទំនិញត្រជាក់ និងវិស័យដឹកជញ្ជូន ទិសដៅដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ (អានបន្ថែម)
សូមបញ្ជាក់ថា ក្រុមហ៊ុន YCH Group មានអាជីវកម្មកំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន ១៦ ហើយក្រុមហ៊ុនមានឧត្តមភាពលើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក ដែលបានធ្វើឱ្យក្រុមហ៊ុនប្រែក្លាយជាក្រុមហ៊ុនឈានមុខមួយ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់តំបន់អាស៊ី។
ក្រៅពីក្រុមហ៊ុន YCH, កាលពីថ្មីៗនេះ មានក្រុមហ៊ុនដឹកជញ្ជូនដ៏លេចធ្លោមួយនៅប្រទេសអារ៉ាប់រួម ក៏ទើបតែប្រកាសពីចេតនារបស់ខ្លួនក្នុងការវិនិយោគលើវិស័យដឹកជញ្ជូនផងដែរ បន្ទាប់សម្លឹងឃើញកម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ នៅក្នុងតំបន់អាស៊ាន។ (អានបន្ថែម)
នៅពេលដែលប្រទេសកម្ពុជាបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ខ្លួន រាជរដ្ឋាភិបាលនៅតែបើកចំហចំពោះភាពជាដៃគូ និងការវិនិយោគដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយមហិច្ឆិតារបស់ខ្លួន។
- Video Advertisement -