ក្រុមហ៊ុនសិង្ហបុរី ចង់ពង្រីកការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងនវានុវត្តន៍នៅកម្ពុជា
គណៈប្រតិភូសិង្ហបុរី បានដឹកនាំតំណាងអ្នកវិនិយោគចំនួន ១៦ក្រុមហ៊ុន មកកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគ និងពង្រីកវត្តមានរបស់ខ្លួនក្នុងវិស័យឧស្សាហកម្ម និងនវានុវត្តន៍។
នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយគណៈប្រតិភូធុរកិច្ចដែលមានក្រុមហ៊ុនសិង្ហបុរីចំនួន ១៦ នៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២៥។
នាឱកាសនោះ ក្រុមហ៊ុនសិង្ហបុរីចំនួន ១៦ បានឱ្យដឹងថា ជំនួបនេះ ត្រូវបានធ្វើឡើងដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនក៏បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកវត្តមានធុរកិច្ចរបស់ខ្លួនក្នុងប្រទេសកម្ពុជា តាមរយៈការស្វែងយល់ពីទិដ្ឋភាពនៃការអភិវឌ្ឍនៅកម្ពុជា និងឱកាសវិនិយោគក្នុងវិស័យកម្មន្តសាល ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងនវានុវត្តន៍បច្ចេកវិទ្យាជាដើម។
គួរបញ្ជាក់ថា ក្រុមហ៊ុនសិង្ហបុរីទាំង១៦នេះ បច្ចុប្បន្នកំពុងធ្វើអាជីវកម្មក្នុងវិស័យផ្សេងៗ ដូចជាវិទ្យាសាស្ត្រជីវិត ការបណ្តុះបណ្តាលផ្នែកឌីជីថល ការកែច្នៃម្ហូបអាហារ សេវាកម្មវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុនទាំងនេះ មួយចំនួនកំពុងធ្វើអាជីវកម្មនៅកម្ពុជាស្រាប់ ហើយកំពុងស្វែងរកឱកាសពង្រីកប្រតិបត្តិការ និងកិច្ចសហការថ្មីៗបន្ថែមទៀត។
ពាក់ព័ន្ធនឹងប្រទេសសិង្ហបុរីនេះដែរ ក្នុងជំនួបជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សហព័ន្ធធុរកិច្ចសិង្ហបុរី ក៏បានបង្ហាញការចាប់អារម្មណ៍ក្នុងការមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ដើម្បីបន្តលើកស្ទួយតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច ជាពិសេសការបន្តគាំទ្រដល់ការធ្វើធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរទ្បើង តាមរយៈការផ្តល់ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ដទៃទៀតផងដែរ។ (អានបន្ថែម)
កិច្ចសន្ទនាដែលកំពុងបន្តរវាងធុរកិច្ចសិង្ហបុរី និងអាជ្ញាធរកម្ពុជា គឺជាជំហានដ៏ជោគជ័យមួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងទាញយកសក្តានុពលនៃទិដ្ឋភាពឧស្សាហកម្ម និងនវានុវត្តន៍ដែលកំពុងរីកចម្រើនរបស់កម្ពុជា៕
- Video Advertisement -