ក្រុមហ៊ុនអន្តរជាតិគ្រោងកែច្នៃសំរាមដើម្បីផលិតជាថាមពលអគ្គិសនីនៅខេត្ដព្រះសីហនុ
ក្រុមហ៊ុនអន្តរជាតិមកពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ីបាននិងកំពុងសម្លឹងមើលលើការកែច្នៃសំរាមដើម្បីផលិតជាថាមពលអគ្គិសនីនៅខេត្ដព្រះសីហនុ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាងក្រុមហ៊ុន និងអភិបាលខេត្តកាលពីថ្ងៃទី ២៧ ខែ សីហា។
គម្រោងវិនិយោគនេះ ត្រូវបានបង្ហាញក្នុងជំនួបរវាងអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន និងប្រធានក្រុមហ៊ុន Ric Natural Development Plc លោក Dato Mah Kaseng។
យោងតាមការបញ្ជាក់នៅលើទំព័រហ្វ៊េសប៊ុករបស់រដ្ឋបាលខេត្ត ក្រុមហ៊ុន Ric Natural Development Plc មានបំណងចង់កែច្នៃសំរាមដើម្បីផលិតជាថាមពលអគ្គិសនីនៅខេត្ដព្រះសីហនុ ហើយក្រុមហ៊ុនវិនិយោគម៉ាឡេស៊ី មានគម្រោងវិនិយោគជីវឥន្ធនៈ ខណៈក្រុមហ៊ុនវិនិយោគសិង្ហបុរី មានគម្រោងអភិវឌ្ឍន៍កំពង់ផែទូកទេសចរណ៍ទំនើប។
គម្រោងផ្តួចផ្តើមវិនិយោគនេះ គឺធ្វើឡើងស្របពេលដែលសន្ទុះនៃការវិនិយោគក្នុងខេត្តព្រះសីហនុមានការកើនឡើងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយចំនួនប្រជាជនរស់នៅក្នុងខេត្តបានកើនឡើងដល់ទៅ ៣០០០០០ នាក់ ដែលនេះ បានធ្វើឲ្យសំរាមមានការកើនឡើងផងដែរ។
ឯកឧត្តម គួច ចំរើន បានស្វាគមន៍ចំពោះគម្រោងវិនិយោគខាងលើនេះ ហើយបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ខេត្តព្រះសីហនុមានសំរាមប្រមាណជា១.០០០ តោន ក្នុងមួយថ្ងៃ ហើយវានឹងអាចកើនឡើងបន្ថែមទៀត។
ឯកឧត្តម គួច ចំរើន ថ្លែងថា៖ «ក៏ប៉ុន្តែ ក្រុមហ៊ុនត្រូវសិក្សាគម្រោងឱ្យបានស៊ីជម្រៅអំពីទីផ្សារ ដើម្បីឈានទៅសម្រេចគោលដៅក្នុងការវិនិយោគកែច្នៃសំរាម ជាថាមពលអគ្គិសនីឱ្យមានប្រសិទ្ធិភាព»។
ឯកឧត្តមបញ្ជាក់ថា ក្រុមហ៊ុនត្រូវសិក្សាអំពីសំរាម ដើម្បីផលិតថាមពលអគ្គិសនី ១៥០មេហ្កាវ៉ាត់ តើត្រូវប្រើប្រាស់សំរាមប៉ុន្មានតោន ដើម្បីមានមូលដ្ឋានក្នុងការប្រមូលសំរាម និងឈានទៅបង្កើតរោងចក្រកែច្នៃសំរាមផលិតថាមពលអគ្គិសនី។
យោងតាមការបញ្ជាក់របស់លោក Dato Mah Kaseng ក្រុមហ៊ុនកន្លងមកបានដាក់ឱ្យដំណើរការរោងចក្រផលិតអគ្គិសនីចេញពីសំរាមនៅប្រទេសថៃ និងកំពុងបង្កើតរោងចក្រមួយកន្លែងទៀតនៅក្នុងប្រទេសឡាវ។




- Video Advertisement -