ក្រុមហ៊ុនអឺរ៉ុបចង់វិនិយោគសង់កន្រ្តកខ្សែកាប ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនសាធារណៈនៅកម្ពុជា

ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានបំណង់ចង់វិនិយោគសាងសង់កន្រ្តកខ្សែកាប (Cable Car) ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនសាធារណៈ ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមាន​និន្នា​ការងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព និងការគិតគូរដល់បរិស្ថាន។

បើតាមជំនួបរវាង ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ លោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group នៅថ្ងៃទី២៣ វិច្ឆកា ២០២២។

ឯកឧត្តមរដ្ឋលេខាធិការ​ បានឱ្យដឹងថា ទំនោរនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់ ប្រជា​ពល​រដ្ឋក្នុងរាជធានីភ្នំពេញ នៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្តបញ្ជ្រាបការយល់ដឹង ពីគុណ​សម្បត្តិ​​នៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈទៅកាន់ពួកគាត់ ហើយសង្ឃឹមយ៉ាងមុតមាំថា នាពេល​អនាគត​ប្រជា​ពលរដ្ឋគ្រប់រូប នឹងផ្លាស់ប្តូរផ្នត់គំនិតរបស់​ខ្លួនងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ​នេះឱ្យបាន​កាន់​តែ​ច្រើន។

ឯកឧត្តមបន្ត ក្រសួងបានធ្វើការសិក្សាលើគម្រោងអភិវឌ្ឍន៍ ក៏​ដូច​ជាកំពុងស្វែងរកដៃគូវិនិយោគបន្ថែម ដើម្បី​អភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងឱ្យកាន់តែមានភាពរីកចម្រើន ដើម្បី​កាត់​បន្ថយ​ការ​កក​​​ស្ទះ​ចរា​ចរ​ណ៍ និងលើក​កម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទី​ប្រជុំ​ជន​ឱ្យកា​ន់​តែ​ប្រសើ​រ​ឡើង​ថែម​ទៀត​ផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Doppelmayr Group មានជំនាញក្នុង រៀបចំផែនការ អភិវឌ្ឍ រចនា ផលិត សាងសង់ និ​ង​គាំទ្រគម្រោងច្នៃប្រឌិត ដែលទាក់ទងនឹងវិស័យដឹកជញ្ជូនសាធារណៈ ដោយកន្រ្តកខ្សែកាប(Cable Car) ដែល​មាន​ប្រសិទ្ធ​​ភាពខ្ពស់សម្រាប់ការដឹកជញ្ជូន អ្នកដំណើរ ប្រកដោយបទពិសោធន៍ និងការច្នៃប្រឌិតខ្ពស់ និងកំពុង​អនុវត្ត​គម្រោង​នៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកទាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប។

- Video Advertisement -