ក្រុមហ៊ុនអូស្ដ្រាលីទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាសលើដីជាង ១ម៉ឺនហិកតានៅខេត្តត្បូងឃ្មុំ
ក្រុមហ៊ុនរ៉ែមាស Renaissance Minerals (Cambodia) ទទួលបានអាជ្ញាប័ណ្ណថ្មីមួយទៀត ដើម្បីរុករករ៉ែមាសប្រមាណជាង ១ម៉ឺនហិកតា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយក្រុមហ៊ុនបានចាប់ផ្ដើមចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មជាលើកដំបូងនៅកម្ពុជា នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី កាលពីខែមិថុនាកន្លងទៅ។
ជាក់ស្ដែង ក្រុមហ៊ុននេះទទួលបានអាជ្ញាបណ្ណស្វែងរុករកពីក្រសួងរ៉ែ និងថាមពល តាំងកាលពីខែមករា ឆ្នាំ២០២១ មកម្ល៉េះ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៅថ្ងៃទី១៦ ខែកញ្ញានេះ។
ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានឱ្យដឹងទៀតថា នៅក្រោមអាជ្ញាប័ណ្ណស្វែងរុករករ៉ែមាសនេះ ក្រុមហ៊ុនមានសិទ្ធស្វែងរុករករ៉ែមាសនៅលើទីតាំងទំហំ ១០៧គីឡូម៉ែតក្រឡា (ជាង១ម៉ឺនហិកតា) ដោយមានរយៈពេល៣ឆ្នាំ រហូតដល់ខែមករា ឆ្នាំ២០២៤។
ឯកឧត្តម អ៊ឹង ឌីប៉ូឡា ថ្លែងថា៖ «ដំណាក់កាលដំបូង ក្រុមហ៊ុននឹងចុះពិនិត្យទីតាំងនៃដែនអាជ្ញាបណ្ណរបស់ខ្លួន ជាមួយក្រុមការងាររុករក និងក្រុមការងារបរិស្ថាន ព្រមទាំងជួបអាជ្ញាធរមូលដ្ឋាន ដើម្បីណែនាំ និងផ្សព្វផ្សាយអំពីផែនការសម្រាប់ការងារស្វែងរុករករ៉ែមាស»។
កាលពីសប្តាហ៍មុន ដំណាងក្រុមហ៊ុន ក៏បានជួបជាមួយឯកឧត្តមអភិបាលខេត្តត្បូងឃ្ញុំ ជាម ច័ន្ទសោភ័ណ ពិភាក្សាលើផែនការស្វែងរុករករ៉ែមាសនេះ។ (អានបន្ថែម)
សូមបញ្ជាក់ថា ផលិតកម្មចម្រាញ់រ៉ែមាស ក្រុមហ៊ុន Renaissance Minerals (Cambodia) រំពឹងថា នឹងអាចផលិតមាសបាន ៣តោន នៅខេត្តមណ្ឌលគីរី ខណៈក្រុមហ៊ុនបាននាំចេញមាសពាក់កណ្តាលសម្រេចលើកដំបូង ប្រមាណ២០០គីឡូ ទៅបន្សុទ្ធនៅប្រទេសអូស្រ្តាលីហើយ។ (អានបន្ថែម)

