ក្រុមហ៊ុន AEON បោះទុនជាង $១៦៧លាន សង់មជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតតំបន់នៅវៀតណាម
ក្រុមហ៊ុន AEON Mall Vietnam បានទទួលការយល់ព្រមពីអាជ្ញាធរខេត្ត Thanh Hoa ដើម្បីវិនិយោគជាង ១៦៧ លានដុល្លារ សង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយដែលគ្របដណ្តប់លើផ្ទៃដី ១០,៥ ហិកតា។ នេះបើយោងតាមការចុះផ្សាយរបស់ VNEXPRESS នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។
បើតាមប្រភពខាងលើបានឱ្យដឹងថា គម្រោងនេះនឹងត្រូវអភិវឌ្ឍនៅក្នុងតំបន់ទីក្រុងនៃ South Thanh Hoa City (Quang Thanh Ward, Thanh Hoa City) ដែលជាតំបន់ពាណិជ្ជកម្មធំបំផុតរបស់ប្រទេសវៀតណាម ហើយបច្ចុប្បន្ន គម្រោងនេះបានបញ្ចប់ការងារសម្អាតចាំបាច់មួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសមួយចំនួនរួចហើយដែរ។
ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះ នឹងត្រូវអភិវឌ្ឍជាបីដំណាក់កាល ដោយដំណាក់កាលទីមួយនឹងមានការសាងសង់អគារកម្ពស់ ៥ជាន់ ដែលប្រើរយៈពេល ៤៨ខែ, បន្ទាប់មកនឹងមានការសាងសង់ អគារកម្ពស់ ៤ជាន់មួយទៀត ដែលស្ថិតក្នុងដំណាក់កាលទី២។ ដំណាក់កាលចុងក្រោយគឺ នឹងមានការសាងសង់អគារកម្ពស់ ៧ជាន់ ដោយបូកបញ្ចូលចំណតរថយន្តផងដែរ។
អាជ្ញាធរខេត្ត Thanh Hoa ចាត់ទុកគម្រោងនេះថាជាគំនិតផ្តួចផ្តើមដ៏សំខាន់បំផុតក្នុងវិស័យពាណិជ្ជកម្ម និងលក់រាយ ដែលជានិមិត្តសញ្ញាតំណាងឱ្យខេត្ត Thanh Hoa និងតំបន់ភាគខាងជើងនៃប្រទេសវៀតណាម។
លើសពីនេះ នៅពេលដែលគម្រោងនេះដំណើរការ វានឹងជួយសម្រួលដល់ការផ្សព្វផ្សាយផលិតផលកសិកម្មវៀតណាម តាមរយៈកម្មវិធី OCOP (ឃុំមួយ ផលិតផលមួយ)។ ជាងនេះទៅទៀត វានឹងជួយបង្កើតឱកាសសម្រាប់ផលិតផលក្នុងស្រុកដើម្បីជ្រៀតចូលទៅក្នុងប្រព័ន្ធផ្សារទំនើបលក់រាយដ៏លេចធ្លោរបស់ប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀតដែលវិនិយោគដោយផ្សារទំនើបAEON។
គួរបញ្ចាក់ថា គិតត្រឹមពេលបច្ចុប្បន្ននេះ មានផ្សារទំនើប AEON ចំនួន 9 កំពុងដំណើរការនៅក្នុងប្រទេសវៀតណាម ដែលទីតាំងជាក់ស្តែងមាននៅក្នុងទីក្រុងហាណូយ ហាយហ្វុង ប៊ិញឌឿង និងហូជីមិញ។ គួររំលឹកដែរថា កាលពីជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមកាលពីខែឧសភា នាយកប្រតិបត្តិ AEON បានបង្ហាញពីផែនការបង្កើតផ្សារទំនើប និងអាជីវកម្មកម្សាន្តចំនួន ២០បន្ថែមទៀតនៅក្នុងប្រទេសវៀតណាម។
- Video Advertisement -