ក្រុមហ៊ុន Coca-Cola បើករោងចក្រដែលធំជាងមុននៅប្រទេសកម្ពុជា
បន្ទាប់ពីប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍មក ក្រុមហ៊ុន Coca-Cola បានបើករោងចក្រផលិតថ្មីមួយនៅក្នុងរាជធានីភ្នំពេញក្នុងខែធ្នូ ឆ្នាំ២០១៦ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទីផ្សារក្នុងស្រុក និងអាស៊ាន។
រោងចក្រនេះស្ថិតនៅលើផ្ទៃដីទំហំ ១២,៥ ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។ រោងចក្រក្រុមហ៊ុនភេសជ្ជៈកម្ពុជា (ក្រុមហ៊ុន Coca-Cola កម្ពុជា) ដែលមានតម្លៃ ១០០លានដុល្លារថ្មីនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ ២០១៤ មានទីតាំងស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញ ដែលរោងចក្រថ្មីនេះមានទំហំធំជាងរោងចក្រមុនដែលស្ថិតនៅក្នុងខណ្ឌមានជ័យដប់ដង។
បើតាមលោក Irial Finan អនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Coca-Cola ដែលលើកឡើងនៅក្នុងព្រឹត្តិការណ៍បើកសម្ពោធរោងចក្រនៅថ្ងៃទី ៥ ខែធ្នូ បានឲ្យដឹងថា ជាមួយនិងបច្ចេកវិទ្យា និងទំហំផលិតកម្មដែលប្រសើរជាងមុន រោងចក្រនេះអាចផលិតកូកាកូឡា និងភេសជ្ជៈផ្សេងទៀតបានរហូតដល់ទៅ ៥៤ពាន់ដបប្លាស្ទិច ដែលអាចកែច្នៃឡើងវិញ និង ៦០ពាន់កំប៉ុង ក្នុងមួយម៉ោង។
Khmer Times បានស្រង់សម្តីរបស់លោក Finan ដែលបានលើកឡើងថា “ការសម្រេចចិត្តក្នុងការវិនិយោគទឹកប្រាក់ ១០០ លានដុល្លារនៅក្នុងរោងចក្រផលិតថ្មីនេះ បានបង្ហាញពីភាពច្បាស់លាស់នៃអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ កម្ពុជាមិនត្រឹមតែជាទីតាំងសម្រាប់ការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែបរិយាកាសវិនិយោគ និងតម្លាភាពអាជីវកម្មក្នុងប្រទេសកម្ពុជាក៏ល្អប្រសើរជាងមុនផងដែរ។ យើងបានប្រាប់ប្រជាជននៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតថា ប្រទេសកម្ពុជាគឺល្អសម្រាប់ការវិនិយោគ និងការបង្កើតអ្វីថ្មី។”
បើតាមអនុប្រធានរូបនេះ ៨០ ភាគរយ នៃរោងចក្រថ្មីនេះត្រូវបានកសាងឡើងដោយប្រជាជនកម្ពុជាហើយ ៩៩ភាគរយ នៃរោងចក្រនឹងត្រូវគ្រប់គ្រងដោយប្រជាជនកម្ពុជា។ តាមរយៈការបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ក្រុមហ៊ុនរំពឹងថានឹងមានកម្មករ ៨១៧ នាក់ (ជាង ៩០ភាគរយ គឺជាប្រជាជនកម្ពុជា) នឹងមានឱកាសធ្វើឲ្យប្រសើរឡើងនូវជំនាញ និងសមត្ថភាពរបស់ពួកគេឲ្យស្របតាមស្តង់ដាអន្តរជាតិ។
ការវិនិយោគទឹកប្រាក់ ១០០ លានដុល្លារ នៅកម្ពុជានេះ គឺជាថវិកាសម្រាប់យុទ្ធសាស្ត្រពង្រីកក្រុមហ៊ុន Coca-Cola នៅក្នុងប្រទេសកម្ពុជាពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨។ ថវិកានេះក៏រួមបញ្ចូលផងដែរនូវបន្ទះសូឡាធំមួយដែលអាចផ្តល់ថាមពលអគ្គិសនីរហូតដល់ទៅ ២ មេហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់រោងចក្រទាំងមូលជាមួយនឹងថាមពលបៃតង។
ក្រុមហ៊ុនក៏បានសាងសង់អន្តេវាសិកដ្ឋានសម្រាប់កម្មករដើម្បីសម្រួលដល់កម្មករចំណាកស្រុក និងរួមបញ្ចូលទាំងអាហារដោយឥតគិតថ្លៃសម្រាប់ពួកគេពីរពេលក្នុងមួយថ្ងៃផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើជាអធិបតីក្នុងពិធីសម្ពោធរោងចក្រ បានសរសើរក្រុមហ៊ុន Coca-Cola សម្រាប់ការវិនិយោគប្រកបដោយទំនុកចិត្តនៅក្នុងប្រទេសកម្ពុជាពីរោងចក្រខ្នាតតូចនៅឆ្នាំ ១៩៩៣ រហូតដល់បង្កើតរោងចក្រផលិតខ្នាតធំ ការជួលកម្លាំងពលកម្មក្នុងស្រុកភាគច្រើន និងសកម្មភាពសាជីវកម្មដែលមានការទទួលខុសត្រូវសង្គម (MSR) ប្រកបដោយប្រសិទ្ធិភាពរបស់ក្រុមហ៊ុន។
សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា ៖ “រោងចក្រថ្មីនេះនឹងប្រើប្រាស់បុគ្គលិកជាង ៨០០នាក់ ដែលក្នុងនោះមានប្រជាជនកម្ពុជាជាង ៩៩ ភាគរយ។ វាគឺជាការលើកទឹកចិត្តដ៏ធំមួយ ព្រោះថាក្រុមហ៊ុននេះប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និងបង្ហាត់បង្រៀនពួកគេឲ្យក្លាយជាធនធានមនុស្សដែលមានតម្លៃ។
ក្រុមហ៊ុនកូកាកូឡានៅក្នុងប្រទេសកម្ពុជានឹងមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកចំនួន ១៥ លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែនឹងនាំចេញទៅកាន់បណ្តាប្រទេសអាស៊ានជិតខាងដែលមានប្រជាជនជាង ៦០០ លាននាក់ផងដែរ។”
តាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មនៃប្រទេសកម្ពុជា ឯកឧត្តម ចម ប្រសិទ្ធ កម្ពុជាមានក្រុមហ៊ុនភេសជ្ជៈកូកាកូឡាយក្សរបស់អាមេរិចចំនួនពីរ គឺក្រុមហ៊ុន Coca-Cola និង Pepsi Cola។ ឯកឧត្តមបានរាយការណ៍ថា រហូតមកដល់ពេលនេះមានក្រុមហ៊ុនភេសជ្ជៈក្នុងស្រុក និងបរទេសជាង ៦០០មុខ កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា ។
Khmer Times បានស្រង់សំដីរបស់ឯកឧត្តមថា “យើងសប្បាយចិត្តដែលក្រុមហ៊ុន Coca-Cola បានសម្រេចចិត្តក្នុងការវិនិយោគនៅក្នុងរោងចក្រថ្មីមួយនេះនៅកម្ពុជា។ នេះជាភស្តុតាងដែលបង្ហាញថាឧស្សាហកម្មគឺជាម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិរបស់យើង ស្របតាមបន្ទាត់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥។”
តាមសភាពាណិជ្ជកម្មអឺរ៉ុប (Eurocham) ក្រុមហ៊ុនភេសជ្ជៈកម្ពុជា Cambodia Beverage Company Ltd – (CBC) ដែលជាសមាជិកក្រុមហ៊ុន Bottling Investments Group (BIG) ដបកូកាកូឡារបស់ក្រុមហ៊ុនកូកាកូឡាបានទទួលសិទ្ធិផ្តាច់មុខដោយក្រុមហ៊ុនផលិត និងចែកចាយ Coca-Cola ក្នុងប្រទេសកម្ពុជា។ CBC បានចាប់ផ្តើមមជ្ឈមណ្ឌលពាណិជ្ជកម្ម និងចែកចាយរបស់ខ្លួននៅឆ្នាំ ១៩៩៣ ជាមួយនឹងទឹកប្រាក់វិនិយោគ ១០ លានដុល្លារ ដោយមានបុគ្គលិក ១០០ នាក់។ ជាមួយនឹងការវិនិយោគនោះ CBC គ្រប់គ្រងខ្សែផលិតកម្មមួយ – Returnable Glass Bottle (RGB) រហូតដល់ឆ្នាំ ១៩៩៧ នៅពេលដែលកញ្ចប់ថ្មីមួយត្រូវបានដាក់លក់នៅលើទីផ្សាររួមជាមួយនិងការដំឡើងខ្សែផលិតកម្មកំប៉ុង។
នៅឆ្នាំ ២០០៨ ដោយសារតែការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន CBC ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ជាង ៣០ លានដុល្លារ ដើម្បីដំឡើងនូវខ្សែផលិតកម្ម PET ថ្មី និងធ្វើឲ្យប្រសើរឡើងនូវខ្សែផលិតកម្មកំប៉ុង ដោយមានកំណើនតួលេខពីរខ្ទង់ជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុន CBC ជួលបុគ្គលិកដែលជាកម្លាំងពលកម្មក្នុងស្រុកដោយផ្ទាល់ជាង ៦០០នាក់ កើនឡើងទ្វេដងនៃទំហំផលិតកម្មរបស់ខ្លួន ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។
ក្រៅពីភេសជ្ជៈ Coca-Cola ដែលត្រូវបានទទួលស្គាល់ថាជាម៉ាកមានតម្លៃបំផុតរបស់ពិភពលោកនោះ ក្រុមហ៊ុន CBC ក៏បានដាក់លក់លើទីផ្សារនូវភេសជ្ជៈពេញនិយមប្រាំពីរប្រភេទទៀតរួមមាន ៖ Coca-Cola Light, Fanta (Fanta ទឹកក្រូច, Fanta ទំពាំងបាយជូ និង Fanta Red Berry), Sprite, Schweppes (Schweppes សូដា និង Schweppes Tonic), Samurai (Samurai Fruity និងSamurai Strawberry), Minute Maid Pulpy និងMinute Maid Nutriboost នៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុនក៏បានបន្ថែមទៅក្នុងខ្សែផលិតកម្មរបស់ខ្លួននូវផលិតផល Aquarius (ភេសជ្ជៈជួយបន្ថែមជាតិទឹកសម្រាប់អ្នកចូលចិត្តលេងកីឡាដំបូងគេ) និងទឹកពិសារបរិសុទ្ធ Dasani ផងដែរ។
- Video Advertisement -