ក្រុមហ៊ុន Hong Leong របស់ម៉ាឡេស៊ី ចង់បង្កើតរោងចក្រផលិតទោចក្រយានយន្តនៅកម្ពុជា
តំណាងក្រុមហ៊ុន Hong Leong Manufacturing Group របស់ម៉ាឡេស៊ី បានឱ្យដឹងថា ក្រុមហ៊ុនកំពុងគិតគូរលើការវិនិយោគបង្កើតរោងចក្រផលិតម៉ូតូនៅកម្ពុជា ខណៈមន្រ្តីជាន់ខ្ពស់កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ រួចក៏បានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែមពីទំហំទីផ្សារឱ្យបានច្បាស់លាស់ជាមុនសិន។
នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងជាតំណាងក្រុមហ៊ុន Hong Leong Manufacturing Group របស់ម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ ឧកញ៉ា Tan Khee Meng តំណាងក្រុមហ៊ុនខាងលើបានលើកឡើងថា ជំនួបពិភាក្សានេះ គឺដើម្បីឱ្យតំណាងក្រុមហ៊ុនជួបពិភាក្សាជាលក្ខណៈបច្ចេកទេសលម្អិតជាមួយឯកឧត្តមអគ្គលេខាធិការ ក្នុងស្វែងរកឱកាសពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដែលក្នុងនោះរួមមាន ៖ ការបង្កើតរោងចក្រផលិតម៉ូតូ, ផលិតកម្ម Ceramic, ផលិត Semi-conductor, និងការអភិវឌ្ឍអចលនទ្រព្យ។
ពាក់ព័ន្ធនឹងគម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូតូ ឯកឧត្តម ជា វុទ្ធី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីទំហំទីផ្សារ ក៏ដូចជាតម្រូវការក្នុងទីផ្សារកម្ពុជា។ បន្ទាប់មកឯកឧត្តមក៏បានស្វាគមន៍ចំពោះគម្រោងផលិតកម្ម Ceramic និងផលិត Semi-conductor ដែលក្រុមហ៊ុនអាចរកទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយ ឬ វិនិយោគបង្កើតំបន់សេដ្ឋកិច្ចពិសេសដោយខ្លួនឯងតែម្តងក៏បាន។
យ៉ាងណាមិញ តាមរយៈជំនួបខាងលើនេះដែរ ឯកឧត្តមអគ្គលេខាធិការ ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងវិស័យឧស្សាហកម្មដាំឈើ, ការកែច្នៃជ័រកៅស៊ូ, និងការកែច្នៃកសិផលផ្សេងៗជាច្រើនទៀតដែលនាពេលបច្ចុប្បន្នទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។
ដូចដែលក្រុមហ៊ុន Hong Leong កំពងុពិចារណាលើការវិនិយោគនេះ វាអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់ទិដ្ឋភាពឧស្សាហកម្មរបស់កម្ពុជា បង្កើតការងារ និងជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។

- Video Advertisement -