ក្រុមហ៊ុន NTT ចង់ពង្រីកការវិនិយោគរបស់ខ្លួន ផ្តោតលើការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., របស់ជប៉ុន បានបង្ហាញបំណងក្នុងការស្វែងរកឱកាសវិនិយោគ ដើម្បីពង្រីកសេវាគ្របដណ្តប់ និងអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គមឌីជីថលកម្ពុជាកាន់តែប្រសើរ។
បំណងនេះ បានបង្ហាញដោយលោក HIROKI Kuriyama ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន NTT DOCOMO GLOBAL Inc., ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោក HIROKI Kuriyama ប្រធានក្រុមហ៊ុន បានបង្ហាញពីគោលបំណងក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍គោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថល ជាពិសេសការពង្រីកសេវាគ្របដណ្តប់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីឱ្យពលរដ្ឋគ្រប់រូបមានឱកាសកាន់តែច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
សម្ដេចបន្តថា បច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា កំពុងបញ្ចប់ដំណើរការ និងត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G នៅទូទាំងប្រទេសផងដែរ។ បន្ថែមពីនេះ សម្ដេចក៏បានណែនាំឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសិក្សាលម្អិតអំពីលទ្ធភាពវិនិយោគលើវិស័យឌីជីថលកម្ពុជា។
សូមជម្រាប់ថា ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., កំពុងប្រតិបត្តិការអាជីវកម្មនៅតាមបណ្តាប្រទេសជាច្រើនលើសកលលោក ដោយផ្តោតជាសំខាន់លើការវិនិយោគក្នុងវិស័យឌីជីថល និងទូរគមនាគមន៍។ ក្រុមហ៊ុន NTT ក៏ជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅប្រទេសជប៉ុន ដែលផ្តល់សេវាកម្ម 4G, 5G និងប្រព័ន្ធផ្កាយរណប។ បច្ចុប្បន្ន ក្រុមហ៊ុន ក៏កំពុងសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមលើបច្ចេកវិទ្យា 6G ផងដែរ។
ការវិនិយោគដ៏មានសក្ដានុពលនេះដោយ NTT DOCOMO គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា ដោយសន្យាថានឹងពង្រឹងលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា និងឱកាសសម្រាប់ប្រជាជនរបស់ខ្លួន៕
- Video Advertisement -