ក្រុមហ៊ុន World Bridge និង YCH រួមគ្នាបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនឆ្លាតវៃដំបូងគេនៅកម្ពុជា
សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានគាំទ្រដល់ក្រុមហ៊ុនព័ស្តុភារធំៗចំនួនពីរ គឺក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន YCH Group លើគម្រោងបង្កើតមជ្ឈមណ្ឌលព័ស្តុភារទំនើបលំដាប់ពិភពលោកដំបូងគេនៅកម្ពុជា។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការថ្មីនេះ ត្រូវបានធ្វើឡើងនៅប្រទេសសឹង្ហបុរី កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយ IFC និងក្រុមហ៊ុនWorldBridge Group និងក្រុមហ៊ុន YCH Group។
យោងតាមសេចក្តីប្រកាសព័ត៌មាន ភាពជាដៃគូថ្មីនេះនឹងផ្តល់នូវការជំរុញដ៏សំខាន់ដល់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការតភ្ជាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
Cambodia SuperPort TM ឬ មជ្ឈមណ្ឌលព័ស្តុភារភ្នំពេញ PPLC នឹងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន PPLC Support and Industrial Co. Ltd. ដែលជាការសហការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនព័ស្តុភារឈានមុខ។
ទីតាំងយុទ្ធសាស្ត្ររបស់ SuperPortTM នៅរាជធានីភ្នំពេញ ជាចំណុចកណ្តាលនៃប្រទេស និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងការតភ្ជាប់ទៅកាន់គ្រប់មធ្យោបាយនៃការដឹកជញ្ជូន នឹងអាចឱ្យ SuperPortTM ក្លាយជាកន្លែងដឹកជញ្ជូនពហុទម្រង់ពេញលេញដំបូងបង្អស់របស់ប្រទេសកម្ពុជា។
ដោយសារប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គ SuperPortTM អាចដើរតួជាមជ្ឈមណ្ឌលដឹកជញ្ជូន និងព័ស្តុភារក្នុងតំបន់ ដែលរួមចំណែកដល់ការផ្លាស់ប្តូរផ្លូវពាណិជ្ជកម្មនៅប្រទេសកម្ពុជា។ ការណ៍នេះនឹងជួយកាត់បន្ថយការចំណាយលើផ្នែកព័ស្តុភារទាំងមូល ការកែលម្អប្រសិទ្ធភាពច្រវ៉ាក់ផ្គត់ផ្គង់ ដើម្បីធ្វើសមាហរណកម្មក្នុងតំបន់ និងជំរុញការប្រកួតប្រជែងរបស់កម្ពុជា។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group មានប្រសាសន៍ថា ក្រុមហ៊ុនទាំងពីរ មានសេចក្តីរីករាយដែល IFC បានជ្រើសរើសគាំទ្រ Cambodia SuperPortTM ។ គ្រឿងបរិក្ខារនេះនឹងក្លាយជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់គ្រឿងបរិក្ខារសម្រាប់ការផលិតជំនាន់ក្រោយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អ្នកឧកញ៉ា បន្តថា ជាមួយនឹងក្រុមហ៊ុន YCH Group ដឹកនាំគម្រោងនេះ WorldBridge Group មានទំនុកចិត្តថាសមត្ថភាពរបស់ Cambodia SuperPortTM ជាមជ្ឈមណ្ឌលផលិតកម្មដែលមានតម្លៃបន្ថែមផ្នែកដឹកជញ្ជូននឹងលើកកម្ពស់ជំហររបស់ប្រទេសកម្ពុជានៅក្នុងតំបន់ ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
ព័ស្តុភារ គឺជាវិស័យសំខាន់មួយសម្រាប់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ គម្រោងនឹងគាំទ្ររដ្ឋាភិបាលក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ និងលើកកម្ពស់ការតភ្ជាប់បណ្តាញព័ស្តុភារ និងការផ្គត់ផ្គង់របស់ប្រទេស។
គួររម្លឹកថា កន្លងមកក្រុមហ៊ុន YCHធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យធំៗចំនួន៣ នៅកម្ពុជា រួមមានវិស័យពាណិជ្ជកម្ម ឃ្លាំងស្តុកទំនិញត្រជាក់ និងវិស័យដឹកជញ្ជូន ទិសដៅដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ (អានបន្ថែម)
- Video Advertisement -