ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីចំនួន២ មានទុនជាង $១១លាន
ថ្មីៗនេះ អាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសថា នឹងមានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈក្មេងលេង និងរោងចក្រកែច្នៃផ្លែឈើ មានទុនវិនិយោគសរុបចំនួនជាង ១១លានដុល្លារ ដែលទើបទទួលបានសេចក្តីសម្រេចការចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។
តាមរយៈ CDC បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគចំនួន២ ទី១_គម្រោងបង្កើតរោងចក្រផលិតសម្ភារៈក្មេងលេង ក្រោមទុនវិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៨៣កន្លែង, និងគម្រោងទី២ គឺគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើ ក្រោមទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៦៧កន្លែងផងដែរ។
គួរបញ្ជាក់ថា គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈក្មេងលេងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ARTSIGHT (CAMBODIA) ENTERPRISES CO., LTD.មានទីតាំងស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកឯ គម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃផ្លែឈើ ត្រូវបានវិនិយោគដោយក្រុមហ៊ុន BOEUNG KET PLANTING & INDUSTRIAL CO., LTD មានទីតាំងស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
គួររំលឹកថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ គឺ CDC សម្រេចចុះបញ្ជីគម្រោងវិនិយោគបានចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ ប៊ី(ពាន់)លានដុល្លារ ខណៈចំនួនគម្រោងវិនិយោគបានកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% និងទុនវិនិយោគបានកើនឡើងប្រមាណ ២,៥ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕
ការកើនឡើងនៃចំនួនគម្រោងវិនិយោគទាំងនេះ កំពុងបង្ហាញពីភាពទាក់ទាញដែលកំពុងកើនឡើងរបស់ខេត្តកំពង់ស្ពឺសម្រាប់អ្នកវិនិយោគដែលនឹងមកជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។ យ៉ាងណាក៏ដោយ នៅពេលរោងចក្រទាំងនេះចាប់ផ្តើមដំណើរការ ត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឧស្សាហកម្មក្នុងស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
- Video Advertisement -