គម្រោងកន្ត្រកខ្សែកាបដំបូងបង្អស់អាចនឹងលេចរូបរាងនៅដើមឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុ
គម្រោងកន្ត្រកខ្សែកាប (Cable Car) ដំបូងបង្អស់របស់ប្រទេសអូទ្រីស អាចនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤ នៅក្រុងរាម នៃខេត្តព្រះសីហនុ ខណៈការសិក្សាស្រាវជ្រាវអាចនឹងបិទបញ្ចប់ក្នុងឆ្នាំនេះ តាមរយៈការសម្របសម្រួលរបស់ក្រុមហ៊ុន ខនភ្លូអិនស៍ (Confluences)។ នេះបើតាមការផ្សព្វផ្សាយរបស់សាព័ត៌មាន AMS នៅពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។
គម្រោងនេះស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Canopy Sands Development។
មិនត្រឹមតែប៉ុណ្ណោះ កន្រ្កកខ្សែកាប (Cable Car) គឺជាសកម្មភាពទាក់ទាញមួយក្នុងចំណោមសកម្មភាពផ្សេងៗ ដែលស្ថិតក្រោមផែនការមេរបស់ Canopy Sands Development ដែលជាគម្រោង Bay of Lights គ្របដណ្ដប់ផ្ទៃដីចំនួន ៩៣៤ហិកតា និងត្រូវបានគេឲ្យឈ្មោះថា Bay Of Lights។
គួបញ្ជាក់ថា ក្រុមហ៊ុន CANOPY SANDS DEVELOPMENT បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Doppelmayr Gruppe ក្នុងការព្រមព្រៀងនាំយកគម្រោងកន្ត្រកខ្សែកាបដំបូងគេដែលមិនធ្លាប់មានមកកាន់ កម្ពុជា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។
លោក Ke Bin Soreasmey អគ្គនាយកក្រុមហ៊ុន ខនភ្លូអ៊ិនស៍ បានឱ្យដឹងថា ក្រុមហ៊ុនខនភ្លូអិនស៍ និងក្រុមហ៊ុនកន្ត្រកខ្សែកាបអន្តរជាតិ Doppelmayr បាននិងកំពុងធ្វើការរួមគ្នាលើការសិក្សាស្រាវជ្រាវទៅលើលទ្ធភាពក្នុងការសាងសង់គម្រោងកន្ត្រកខ្សែកាបទី១នេះ ដែលការសិក្សា នឹងត្រូវពិនិត្យមើលទៅលើចំនួនកន្ត្រកខ្សែកាប ដែលនឹងត្រូវដំឡើង ឱ្យស្របទៅតាមតម្រូវការ ក៏ដូចជាទុនរបស់ក្រុមហ៊ុនវិនិយោគផងដែរ។
លោករំពឹងថា ការស្រាវជ្រាវនឹងអាចបិទបញ្ចប់នៅត្រឹមចុងឆ្នាំនេះ ហើយអាចចាប់ផ្ដើមដំណើរការសាងសង់កន្ត្រកខ្សែកាបនៅដើមឆ្នាំ ២០២៤ តែម្ដង។
ក្រៅពីខេត្តព្រះសីហនុ ក្រុមហ៊ុនសញ្ជាតិអូទ្រីស Doppelmayr Group ក៏ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុន បាននិងកំពុងពិនិត្យលទ្ធភាពនៃការតភ្ជាប់គម្រោង “កន្រ្តកខ្សែកាប” (Cable Car) ដែលខ្លួនគ្រោងវិនិយោគ ជាមួយគម្រោងដឹកជញ្ជូនសាធារណៈ ដែលកំពុងអនុវត្ត និងសិក្សា នៅក្នុងទីក្រុងភ្នំពេញផងដែរ។ (អានបន្ថែម)
ដោយឡែក គម្រោងអភិវឌ្ឍន៍ Bay of Lights តម្លៃជាង ១៦ ពាន់លានដុល្លារ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ក្រោយពីប្លង់មេនៃគម្រោងនេះ ត្រូវបានអនុម័តកាលពីអំឡុងឆ្នាំ២០២១។ (អានបន្ថែម)
គម្រោងអភិវឌ្ឍន៍ទីក្រុងរាមនេះ ត្រូវបានគេរំពឹងទុកថានឹងទាក់ទាញភ្ញៀវទេសចរចំនួន ៣លាននាក់នៅឆ្នាំ ២០៣០ បង្កើតការងារថ្មីចំនួន ៣៣០,០០០ នៅឆ្នាំ២០៤០ ព្រមទាំងផ្តល់លំនៅដ្ឋានថ្មីចំនួន ៤០,០០០ និងនាំមកនូវកំណើនប្រជាជនបន្ថែមដល់ទៅ ១៦០,០០០នាក់នៅឆ្នាំ ២០៥០។
- Video Advertisement -