គម្រោងការពារទឹកជំនន់ និងកែលម្អលូជំហានទី៤ សម្រេចបានជិត ១០០% ហើយ
គម្រោងការពារទឹកជំនន់ និងកែលម្អប្រឡាយលូជំហានទី៤ នៅខណ្ឌដូនពេញ ដែលកំពុងសាងសង់ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន មកទល់បច្ចុប្បន្ន សម្រេចបានប្រមាណ ៩៨% ហើយ។នេះបើយោងតាមមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។
គម្រោងនេះ រួមមាន ការដាក់លូមេដែលមានទំហំអង្កត់ផ្ចិត ១,៥ម ដល់ ២,៣ម ការសាងសង់អាងក្រោមដីទំហំ ៦៥.០០០ម៉ែត្រគូប (បណ្តោយ ១៣៥ម ទទឹង ១៣ម ជំរៅ ៤ម) និងសាងសង់ស្ថានីយបូមទឹកថ្មី មានសមត្ថភាពបូមទឹក ១,៤ម៉ែត្រគូបក្នុង១វិនាទី។
គម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២ ជាដើម។
ជាក់ស្ដែង កាលពីថ្ងៃទី៣ ខែមិថុនា កន្លងមកនេះ។ ម៉ាស៊ីនមេកានិច ដែលមានមុខងារស្ទាក់កាយ និងប្រមូលសំរាមស្វ័យប្រវត្តិទី៤ ដែលជាផ្នែកមួយនៃគម្រោង ក៏ត្រូវបានប្រកាសដាក់ឱ្យដំណើរការហើយដែរ។ (អានបន្ថែម)
គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ជាជំនួយរបស់ជប៉ុនដែលមានទំហំទឹកប្រាក់ប្រមាណជាង ៣៦លានដុល្លារអាមេរិក។

