គម្រោងកែលម្អផ្លូវចូល និងទីធ្លាមុខប្រាសាទអង្គរវត្តថ្មី ជិតបញ្ចប់ជាស្ថាពរហើយ
សមិទ្ធិផលថ្មីនៅមុខប្រាសាទអង្គរវត្ត រួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម ជិតរួចរាល់ជាស្ថាពរហើយ ដោយប្រជាពលរដ្ឋក្នុងតំបន់នាំគ្នាចូលរួមអបអរសាទរជាមួយសមិទ្ធផលថ្មីមួយនេះ។
លោក ស៊ាន សុខៈ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ និយាយថាការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត ជាការល្អ និងមានប្រយោជន៍សម្រាប់វិស័យទេសចរណ៍។
លោកបន្តថា៖ បើធៀបនឹងពេលមុន គឺមានភាពខុសគ្នាឆ្ងាយ។ បច្ចុប្បន្នមានរៀបចំជាសួនបៃតង ដាំដើមឈើកម្រៗដូចជាធ្នង់ បេង ជាដើម ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាឱ្យពួកគេស្គាល់ពូជឈើទាំងនោះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏ចូលរួមអបអរសាទរជាមួយសមិទ្ធផលមួយនេះ ដោយរំពឹងថា ក្រោយវិបត្តិកូវីដ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនារមណីយដ្ឋានអង្គរនេះឱ្យបានច្រើនកុះករជាងមុន។ បន្ថែមពីនេះ ប្រជាពលរដ្ឋក៏ស្នើរដល់អាជ្ញាធរជាតិអប្សរា ឱ្យបន្តរៀបចំ និងដាំដើមឈើឱ្យបានកាន់តែច្រើន។
គួរបញ្ជាក់ថា កំណែលម្អសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្តនេះ ត្រូវបានចាប់ផ្តើមចាប់ពីចុងឆ្នាំ២០១៩ មក ដោយមានរើសំណង់តូបលក់ដូរទាំងអស់ចេញពីបរិវេណខាងមុខអង្គរវត្ត ការបញ្ឈប់មិនឱ្យមានការលក់រញ៉េរញ៉ៃ និងចំណតយានយន្តគ្មានសណ្ដាប់ធ្នាប់ជាដើម។
ក្រៅពីកំណែលម្អនេះ ខេត្តសៀមរាបក៏គ្រោងនឹងបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប គ្រោងបើកការដ្ឋាននៅពាក់កណ្តាលខែ វិច្ឆិកា នេះផងដែរ ប៉ុន្តែត្រូវលើកពេលទៅបើកការដ្ឋាននៅពេលក្រោយ ដោយសារមានការរីករាលដាលនៃជំងឺកូវីដ ១៩។ (អានបន្ថែម)

