គម្រោងទីក្រុងឆ្លាតវៃកម្ពុជា-ជប៉ុន នឹងប្ដូរមុខមាត់តំបន់ធំៗ ៣ នៅខេត្តសៀមរាបឱ្យទាក់ទាញជាងមុន
គម្រោង Smart City ដែលជាការសហការគ្នារវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសជប៉ុន នឹងកែប្រែមុខមាត់តំបន់ក្រុងសៀមរាប តំបន់បេតិកភណ្ឌ និងតំបន់ទន្លេសាប ឱ្យក្លាយទៅជាតំបន់ប្រកបដោយនិរន្តរភាព និងមានភាពទាក់ទាញជាងមុន។
នេះបើយោងកិច្ចប្រជុំស្ដីពីទិសដៅការងាររវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការ JICA កាលពីថ្ងៃទី ២៤ ខែកុម្ភៈ កន្លងមកនេះ។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា តំបន់ទាំង ៣ ខាងលើនេះ គឺគោលដៅដែលត្រូវបានជ្រើសរើសដើម្បីអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ដោយរួមបញ្ចូលទាំងការងារកម្ពស់សន្តិសុខ ការដឹកជញ្ជូន ការគ្រប់គ្រងសំរាម និងទេសចរណ៍ ផងដែរ ពោលគឺការងារទាំងនេះគម្រោងនឹងសម្រេចឱ្យបានទាំងស្រុងនៅឆ្នាំ ២០៣១។
លោកបន្តថា៖ «គម្រោងក្រុងឆ្លាតវៃ ឬ Smart Siem Reap នឹងជួយដោះស្រាយបញ្ហានានានៅក្នុងទីក្រុង ដោយប្រើបច្ចេកវិទ្យាទំនើប ការវិភាគទិន្នន័យ និងវិធីសាស្ត្របង្កើនប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ»។
គួរបញ្ជាក់ផងដែរ ទោះបីខេត្តសៀមរាបកំពុងរងសម្ពាធយ៉ាងខ្លាំងពីការធ្លាក់ចុះនៃវិស័យទេសចរណ៍ក្ដី រដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះ តួយ៉ាងដូចជា គម្រោងផ្លូវ ៣៨ខ្សែ គម្រោងកែលម្អដងស្ទឹង លើកកម្ពស់ប្រព័ន្ធលូ និងជាពិសេសគម្រោងព្រលានយន្តហោះសៀមរាបថ្មីដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣ ខាងមុខនេះ។ (អានបន្ថែម និងបន្ថែម)

