គម្រោងផ្ទះមេគង្គ បង្ហាញម៉ូតផ្ទះថ្មី តម្លៃសមរម្យឆ្លើយតបនឹងតម្រូវការអ្នកមានដីឡូត៍
គម្រោងផ្ទះមេគង្គ កាលពីថ្មីៗនេះ បានប្រារព្ធកម្មវិធីសម្ពោធម៉ូតផ្ទះល្វែងបែបថ្មី តម្លៃសមរម្យ ហើយឆ្លើយតបនឹងតម្រូវការម្ចាស់ដីឡូត៍ ខ្នាតតូច និងមធ្យម។
កម្មវិធីនេះក៏មានអ្នកអភិវឌ្ឍអចលនទ្រព្យដីឡូត៍ និង ដៃគូមីក្រូហិរញ្ញវត្ថុ មកពីជាង ៨០ ស្ថាប័នចូលរួមផងដែរ ដោយពួកគេ ក៏បានសំដែងនូវសុទិដ្ឋិនិយម ហើយគ្រោងនឹងសហការជាមួយនឹងគម្រោងផ្ទះមេគង្គនេះ ពោលគឺ នាពេលអនាគត គឺការទិញដីឡូត៍ សង់ផ្ទះ និងសុំកម្ចី គឺអាចធ្វើទៅដោយរលូន ដោយមិនចាំបាច់រត់ការច្រើនដំណាក់នោះទេ។
តំណាងក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឱ្យដឹងថា៖ «គោលបំណងនៃកម្មវិធីនេះ គឺដើម្បីប្រកាសដល់សាធារណជនពីម៉ូដែលផ្ទះមេគង្គថ្មី ដែលជាប្រភេទផ្ទះល្វែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងការអភិវឌ្ឍអចលនទ្រព្យ ជាប្រភេទដីឡូត៍»។
លោក បានឱ្យដឹងទៀតថា ៖ «ចំំណុចពិសេសរបស់ផ្ទះមេគង្គ គឺអ្នកមានដីឡូត៍ ហើយមានបំណងចង់សង់ផ្ទះ គឺមិនបាច់ ឈឺក្បាលរឿងរកជាងនោះទេ គឺគ្រាន់តែរើសម៉ូតផ្ទះ ក្រុមការងារនឹងសាងសង់ឱ្យដោយប្រើរយៈពេលត្រឹមតែ ៣០ ថ្ងែ ប៉ុណ្ណោះ»។
ផ្ទះមេគង្គគឺជាផ្ទះពហុមុខងារ អាចសាងសង់ជាលំនៅដ្ឋានក៏បាន រីស៊ត ផ្ទះសម្រាប់បុគ្គលិកស្នាក់នៅ ផ្ទះលំហែ ផ្ទះចាំចំការ ការិយាល័យ សាលារៀន ឬ បណ្ណាល័យ ក៏បាន ដែលអ្នកទិញអាចជ្រើសរើសម៉ូតបាន។
សូមបញ្ជាក់ផងដែរថា ផ្ទះមេគង្គគឺជាផលិតផលរបស់ក្រុមហ៊ុន ISI STEEL ដែលត្រូវបានឆ្លងកាត់ការសិក្សាយ៉ាងយកចិត្តទុកដាក់ពីវិស្វករជំនាញ ប្រើសម្ភារៈទំនើប គុណភាពខ្ពស់ និងសាងសង់ដោយជាងជំនាញ។ (អានបន្ថែម)
មកទល់នឹងបច្ចុប្បន្ននេះ ផ្ទះមេគង្គចំនួនជាង ៤០០ខ្នងបានសាងសង់នៅទូទាំង ២៥ខេត្ត រាជធានីនៅកម្ពុជា ហើយផ្ទះមេគង្គក៏សង្ឃឹមដែរថានឹងអាចផ្គត់ផ្គង់គេហដ្ឋាន ចំនួន ១០ម៉ឺនខ្នង ក្នុងពេល១០ឆ្នាំខាងមុខ ដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរវិជ្ជមានសម្រាប់ការរស់នៅកាន់តែប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា។


