គម្រោងពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ សម្រេចបាន ១៥%
ការសាងសង់កំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ១៥ភាគរយ គិតត្រឹមខែមិថុនានេះ។
វឌ្ឍនភាពសាងសង់កំណាត់ផ្លូវនេះ ត្រូវបានបង្ហាញឡើងក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងនឹងបន្តចុះមកត្រួតពិនិត្យ និងតាមដានគុណភាពផ្លូវនេះថែមទៀត ដោយក្រសួងមានសម្ភារៈឧបករណ៍គ្រប់គ្រាន់ក្នុងការពិនិត្យតាមដានលើគុណភាពនៃការស្ថាបនាពង្រីកកំណាត់ផ្លូវនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជា បាន ទទួលប្រាក់កម្ចីសម្បទានពីធនាគារពិភពលោកសម្រាប់ធ្វើការស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៤ ដើម្បីបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានា ភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា៖ ក្នុងថវិកាចំនួន ១១០លានដុល្លារនេះត្រូវបានបែងចែកចេញជាការងារចំនួន៧កញ្ចប់ ក្នុងនោះ៣កញ្ចប់កំពុងដំណើរការសាងសង់ដោយសម្រេចលទ្ធផលបាន ១៥% ហើយមានការយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននឹងពន្លឿនការសាងសង់តាមកិច្ចព្រមព្រៀង។
ដោយ ឡែក២កញ្ចប់ទៀត ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ ហើយក្រុមហ៊ុនកំពុងតែរៀបចំបញ្ជូន គ្រឿងចក្រសម្ភារៈមកសាងសង់ រីឯចំណែក២កញ្ចក់ទៀត ក្រសួងកំពុងស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពជ្រើសរើសក្រុមហ៊ុនដែលបានដាក់ដេញថ្លៃសាងសង់។
ការងារស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤នេះ ចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៦៕

