គម្រោងសង់ទីលានចាក់សំរាមទំហំ ២១ហិកតានៅក្រុងបាវិត បើកការដ្ឋានសាងសង់ហើយ
គម្រោងសង់ទីលានទុកដាក់សំរាមនៅក្នុងក្រុងបាវិត បើកការដ្ឋានសាងសង់ហើយ គម្រោងនេះមានទីតាំងស្ថិតនៅលើផ្ទៃដី ២១ហិកតា នៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមពិធីក្រុងពាលីសុំសេចក្តីសុខបើកការដ្ឋាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
គម្រោងនេះ ស្ថិតក្នុងគម្រោងទីក្រុងគួរឲ្យចង់រស់នៅ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ ADB លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងនេះតាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ មានចំនួនទឹកប្រាក់ ១៩៣,២០លានដុល្លារអាមេរិក។
ក្នុងនោះ មានឥណទានសម្បទានពី ADB ចំនួន ១៨០លានដុល្លារអាមេរិក និងការចូលរួមជាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣,២០លានដុល្លារអាមេរិក ហើយមានរយៈពេលអនុវត្តជាង ៦ឆ្នាំ ចូលជាធរមាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៨។
គម្រោងទីក្រុងគួរឲ្យចង់រស់នៅ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានអនុគម្រោងចំនួន៤ ក្នុងនោះ ២អនុគម្រោងស្ថិតក្នុងក្រុងបាវិត និង២អនុគម្រោងទៀតស្ថិតក្នុងក្រុងប៉ោយប៉ែត និងក្នុងក្រុងកំពត។
ជាមួយគ្នានេះ គម្រោងទីលានទុកដាក់សំរាមក្រុងបាវិត ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២១ហិកតា ដែលបែងចែកជា ២ផ្នែកធំៗដុខាងក្រោម៖
- ផ្នែកទី១៖ សាងសង់រណ្តៅចាក់សំរាមចំនួន៥ រណ្តៅ និងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ចេញពីសំណល់ ។
- ផ្នែកទី២៖ សាងសង់ប៉ុស្តិសន្តិសុខ និងស្លាកសញ្ញាគម្រោង ធុងស្តុកសំណល់រាវនិង ស្ពានថ្លឹងទម្ងន់ និងការិយាល័យ ផ្លូវចូលទីតាំងគម្រោង និងផ្លូវក្នុងទីតាំងគម្រោង ប្រព័ន្ធលូបង្ហូរ អណ្តូងត្រួតពិនិត្យគុណភាពទឹក កន្លែងចំណត កន្លែងចែកចាយ និងផ្គត់ផ្គង់អគ្គិសនី អគាររដ្ឋបាល កន្លែងហូបហារ និងកន្លែងសម្រាក កន្លែងញែកសំរាម កន្លែងរៀបចំធ្វើជីកំប៉ុស ធុងទឹកភ្លៀង កន្លែងផលិតហ្គាស ស្រះទឹកភ្លៀង ទីកន្លែងបន្ថែមសម្រាប់ទីលានញែកសំរាម កន្លែងសម្អាតរថយន្ត របង និងសួនច្បារដែលមានដាំដើមឈើជាដើម។
គម្រោងនេះ នឹងចូលរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុងបាវិត ក្នុងការប្រគួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និងពង្រឹងសមត្ថភាពស្ថាប័នរបស់អាជ្ញាធរខេត្ត និងមូលដ្ឋាន។



- Video Advertisement -