គម្រោងសង់ប្រព័ន្ធទឹកស្អាតថ្មី នៅបាត់ដំបងតម្លៃជាង ២៩លានដុល្លារ ចាប់ផ្តើមហើយ
គម្រោងសាងសង់ប្រព័ន្ធទឹកស្អាតថ្មីមួយនៅខេត្តបាត់ដំបង ដែលមានទឹកប្រាក់ប្រមាណ ២៩,៨៧ លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
គម្រោងសាងសង់នេះ ស្ថិតក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (Provincial Water Supply and Sanitation Project) ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះដែរ គម្រោងនេះចាប់ផ្តើមសាងសង់ដោយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC) របស់ប្រទេសចិន ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។
បន្ថែមពីនេះ ប្រព័ន្ធទឹកស្អាតថ្មីនេះ នឹងមានសមត្ថភាពបន្ថែមថ្មីក្នុងការផ្គត់ផ្គង់ទឹកស្អាត ៥០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ រួមទាំងមានបណ្តាញទុយោជាង ៩៤គីឡូម៉ែត្រ ដែលនឹងបំពេញគ្រប់គ្រាន់ដល់តម្រូវការទឹកស្អាតសម្រាប់ទីប្រជុំជនក្រុងបាត់ដំបង នៅត្រឹមឆ្នាំ២០២៥ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនឱ្យបាន ១០០%។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្ននេះ រដ្ឋាករទឹកខេត្តបាត់ដំបងមានសមត្ថភាពផលិតទឹកស្អាតបាន ៣៣ ៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលផ្គត់ផ្គង់បានជាង ៣៤.៧០០គ្រួសារ។
ក្នុងនោះ ខេត្តបាត់ដំបងនៅខ្វះប្រហែល ១៥ ៧៨៥គ្រួសារ ឬ ៣២% នៃគ្រួសារប្រជាជនទៀត ដែលភាគច្រើនគឺភូមិនៅតំបន់ជុំវិញទីប្រជុំជនក្រុងបាត់ដំបង ដែលរដ្ឋាករទឹកខេត្តត្រូវបង្កើនការផ្គត់ផ្គង់ទឹក ស្អាតឆ្លើយតបទៅនឹងតម្រូវការទាំងអស់នោះដែលនៅចន្លោះសេសសល់។
គួរបញ្ជាក់ថា គម្រោង PWSSP ជាការរួមចំណែកពីឥណទាន ADB ប្រមាណ ៥0លានដុល្លារអាមេរិក ឥណទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រមាណ ៤៣,៥៤លានដុល្លារអាមេរិក និងជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប ប្រមាណ ៥,០៩លានដុល្លារអាមេរិក។ (អានបន្ថែម)
- Video Advertisement -