គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្រេចបាន៩៨% គ្រោងដាក់ឱ្យដំណើរការខែតុលា២០២៣
ត្រឹមខែមិថុនា ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្រេចការសាងសង់បាន ៩៨ភាគរយ គ្រោងដាក់ដំណើរការខែតុលា២០២៣ ខណៈបានធ្វើការហោះហើរសាកល្បងជាច្រើនលើករួចមកហើយ។
នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងក្នុងសារព័ត៌មាន Fresh News នៅថ្ងៃទី០៨ កក្កដានេះ។
កាលពីថ្ងៃ១៣ ឧសភា កន្លងទៅថ្មីៗនេះ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានធ្វើតេស្តសាកល្បងការហោះហើរជាលើកដំបូងរបស់ខ្លួន ដើម្បីឈានដល់អាចបើកដំណើរការជាផ្លូវការឱ្យបានឆាប់ផងដែរ។ (អានបន្ថែម)
គួររម្លឹកទៀតថា ដំបូងគម្រោងនេះគ្រោងដើមទុនវិនិយោគប្រមាណ ៨៨០លានដុល្លារប៉ុណ្ណោះកាលពីឆ្នំា២០១៩ ប៉ុន្តែតម្រូវការជាក់ស្តែងបានកើនឡើងរហូតដល់ ១.១០០លានដុល្លារ នៅឆ្នាំ២០២២។
គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន AIAI៕ (អានបន្ថែម)
ចំពោះការទូទាត់សំណង ការផ្ទេរ និងទទួលយកបុគ្គលិក ទៅតាមការស្ម័គ្រចិត្ដ ជាមួយក្រុមហ៊ុនសម្បទាន SCA/Cambodia Airports (ព្រលានយន្តហោះចាស់) លោក ស៊ីន ចាន់សិរីវុត្ថា លើកឡើងជាមួយFreshNewsថា ក្រុមហ៊ុនប្រតិបត្ដិករអាកាសយានដ្ឋានថ្មីនេះ នឹងទទួលយកទាំងអស់ នូវបុគ្គលិកទាំងឡាយណា ដែលមានបំណងមកបម្រើការងារនៅអាកាសយានដ្ឋានថ្មីនេះ ដោយអនុលោមទៅតាមក្រប ខណ្ឌគតិយុត្តិ និងគោលការណ៍ឈ្នះ-ឈ្នះ ដោយឡែកអតីតភាព តួនាទី និងភារកិច្ច (អាជីព) របស់បុគ្គលិកដែលធ្លាប់បម្រើការងារ នៅអាកាសយានដ្ឋានចាស់នឹងត្រូវបានរក្សាដូចតួនាទីដដែល ធ្លាប់មានកន្លងមក ឬអាចទទួលបានប្រសើរជាងមុន (អាស្រ័យទៅលើការវាយតម្លៃ និងវាស់វែងសមត្ថភាពជាក់ស្តែង) ក្នុងនោះដែរ ចំពោះអ្នកដែលមានបំណងផ្លាស់ប្ដូរអាជីព ក៏ត្រូវទទួលបានការអនុញ្ញាតផងដែរ បច្ចុប្បន្នក្រុមហ៊ុនប្រតិបត្តិករ បាននិងកំពុងជ្រើសរើសបុគ្គលិកខាងក្រៅបន្ថែមជាបណ្តើរៗ ធ្វើការបណ្ដុះបណ្ដាលជំនាញ ដើម្បីបំពេញបន្ថែមស្របតាមតម្រូវការ។
ចំណែកកិច្ចការសម្របសម្រួល ក្នុងការបិទអាកាសយានដ្ឋានចាស់ ដើម្បីឈានទៅបើកអាកាសយានដ្ឋានថ្មី កំពុងតែវិវត្តន៍ស្របទៅតាមលក្ខខណ្ឌ និងបែបបទបច្ចេកទេស ដោយរលូនស្របទៅតាមតារាងកម្មវិធី និងពេលវេលាដូចដែលបានឯកភាព និងព្រាងទុកផងដែរ។
ចំពោះការទទួលបាននូវវិញ្ញាបនបត្រអាកាសយានដ្ឋាន (Aerodrome Certificate) រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាននិងកំពុងផ្តល់កិច្ចសហការសម្របសម្រួល និងផ្ដល់ការគាំទ្រជាបន្តបន្ទាប់ដល់ក្រុមហ៊ុនប្រតិបត្តិករ ក្នុងការបំពេញបាននូវលក្ខខណ្ឌតម្រូវការបច្ចេកទេស និងភាពអនុលោមសុវត្ថិភាពមួយចំនួនធំបន្ថែមទៀត ដើម្បីទទួលបាននូវវិញ្ញាបនបត្រនេះ មុននឹងបើកដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីជាផ្លូវការ។
- Video Advertisement -