គម្រោងស្តាប្រព័ន្ធរំដោះទឹកភាគនិរតីនៃរាជធានីភ្នំពេញ សម្រេចបាន ១០% ហើយ

អនុគម្រោងរលាំងជ្រៃ និងអនុគម្រោងកណ្តាលស្ទឹងបាទី​ នៃគម្រោងកែលម្អ និងស្តាឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីនៃរាជធានីភ្នំពេញ  សា​ងសង់សម្រេចបាន ១០% ហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី​៣០ ខែមករា​ ឆ្នាំ២០២៤។

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាព  ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គម្រោងនេះកំពុងអនុវត្តមានតម្រូវការបិទទ្វារទឹករលាំងជ្រៃ បានបណ្តាលឱ្យផ្នែកខ្លះនៃក្រុងច្បារមន ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ មានស្ថានភាពខ្វះខាតទឹកប្រើប្រាស់ និងប៉ះពាល់ដល់ការងារស្រោចស្រពផលដំណាំរបស់បងប្អូនប្រជាកសិករនៅផ្នែកខាងក្រោម។

ជាការឆ្លើយតបចំពោះបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹកខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធក៏ដូចជា JICA កំពុងដោះស្រាយបញ្ហាខ្វះខាតទឹកនេះ ដោយធ្វើយ៉ាងណាអាចឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ដូចដើម និងបានបញ្ជាឱ្យបើកទ្វារទឹកមេរលាំងជ្រៃឡើងវិញ។

គម្រោងកែលម្អ និងស្តាឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ត្រូវបានបែងចែកការអនុវត្តជា២អនុគម្រោង។

ក្នុងនោះ អនុគម្រោងទី១ គឺអនុគម្រោងរលាំងជ្រៃដែលស្ថិតនៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រភពទឹកពីស្ទឹងព្រែកត្នោត ដោយជួសជុលប្រឡាយមេខាងជើង ចំនួន ១ខ្សែ មានប្រវែង ១១,៧០គីឡូម៉ែត្រ ជួសជុលប្រឡាយមេខាងត្បូងចំនួន ១ខ្សែ មានប្រវែង ១២,៦០ គីឡូម៉ែត្រ និងសាងសង់សំណង់ពាក់ព័ន្ធសរុបចំនួន ២០៧កន្លែង។

ដោយឡែក អនុគម្រោងទី២ គឺអនុគម្រោងកណ្តាលស្ទឹងបាទី ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ មានប្រភពទឹកពីស្ទឹងព្រែកត្នោត និងស្ទឹងតូច ដោយត្រូវសាងសង់ទំនប់សណ្តស្ទឹងតូចចំនួន ១ខ្សែ មានប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុងនាំទឹកទៅទន្លេបាទីចំនួន ១ខ្សែ មានប្រវែង ៤គីឡូម៉ែត្រ និងសាងសង់សំណង់ពាក់ព័ន្ធសរុប ៣៣កន្លែង។

គួររំលឹកថា គម្រោងកែលម្អ និងស្តាឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]