គម្រោងស្តារពង្រីកផ្លូវជាតិលេខ៤ សម្រេចបានជិត ៥៥%ហើយ
គិតត្រឹមដំណាច់ខែមិថុនា ២០២៤នេះ គម្រោងស្តារពង្រីកកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ៥៤.៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។
នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២៤។
លើសពីនេះ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ក៏បានរៀបរាប់លម្អិតអំពីគម្រោងនេះថា៖
១- កំណាត់ទី១៖ គីឡូម៉ែត្រលេខ១៩+៧០០ ដល់គីឡូម៉ែត្រលេខ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លង មានប្រវែង២៨,៨០គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង១១,៥០គីឡូម៉ែត្រ ប្រវែងសរុប៤០,៣០គីឡូម៉ែត្រ ។
២-កំណាត់ទី២៖ គីឡូម៉ែត្រលេខ៦០+០០០ ដល់គីឡូម៉ែត្រលេខ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លង មានប្រវែង២,៦៨គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង៣៨,៣២គីឡូម៉ែត្រ ប្រវែងសរុប៤១,០០គីឡូម៉ែត្រ ។
៣-កំណាត់ទី៣៖ គីឡូម៉ែត្រលេខ១០១+០០០ ដល់គីឡូម៉ែត្រលេខ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវ៤គន្លង មានប្រវែង០,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង៤១,៧០គីឡូម៉ែត្រ ប្រវែងសរុប៤២,០០គីឡូម៉ែត្រ ។
៤-កំណាត់ទី៤៖ គីឡូម៉ែត្រលេខ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ១៨៦+០០០ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លង មានប្រវែង០,៩៣គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង៤២,០៧គីឡូម៉ែត្រ ប្រវែងសរុប៤៣,០០គីឡូម៉ែត្រ ។
គួរបញ្ជាក់ថា កំណាត់ទី៤នេះ ត្រូវបានពន្យារពេលដោយក្រុមហ៊ុនម៉ៅការមិនបានស្ថាបនាទៅតាមពេលវេលាគ្រោងទុក ហេតុនេះក្រសួងបានលុបកិច្ចសន្យារ ហើយបានរឹបអូសយកប្រាក់កក់ចំនួនប្រមាណ ៨០០.០០០(ប្រាំបីរយពាន់)ដុល្លារមកវិញ។ ក្រសួងនឹងធ្វើលទ្ធកម្មកំណាត់ទី៤នេះជាថ្មីនៅខែសីហាខាងមុខនេះ។
៥-កំណាត់ទី៥៖ គីឡូម៉ែត្រលេខ១៨៦+០០០ ដល់គីឡូម៉ែត្រលេខ២១៥+៨០០ ក្នុងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លង មានប្រវែង៧,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង២២,៥០គីឡូម៉ែត្រ ប្រវែងសរុប២៩,៨០គីឡូម៉ែត្រ ។
៦- កញ្ចប់ទី៦៖ គីឡូម៉ែត្រលេខ៤៨+៦៩៥ ដល់គីឡូម៉ែត្រលេខ២០២+៦៨៨ ជួសជុលស្ពានចាស់ចំនួន២៤ លូប្រអប់ចំនួន៨ លូមូលចំនួន៩ និងផ្លាស់ប្តូរគ្រឿងបង្គុំស្ពានចាស់ចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ កោះកុង ខេត្តព្រះសីហនុ។
៧-កញ្ចប់ទី៧៖ គីឡូម៉ែត្រលេខ៣៨+០៧៦ ដល់គីឡូម៉ែត្រលេខ២០៤+៩៧៣ សាងសង់ស្ពានថ្មីចំនួន៨ ក្នុងខេត្ត កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕
គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទាន ១១០លានដុល្លារ ពីធនាគារពិភពលោកសម្រាប់ធ្វើការស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៤ ដើម្បីបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានា ភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។(អានបន្ថែម)



- Video Advertisement -