គម្រោងស្ពានថ្មីឆ្លងទន្លេមេគង្គ ក្រចេះកំពង់ធំ សិក្សាបញ្ចប់ និងត្រៀមស្នើទៅចិន

គម្រោងសាងសង់​ស្ពាន​​ឆ្លង​ទន្លេ​មេគង្គ នៅ​ខេត្តក្រចេះ ត្រូវ​បាន​អ្នក​ជំនាញ​សិក្សា​សមិទ្ធលទ្ធភាពក្នុងការសាងសង់រួចរាល់​ និង​កំពុង​បន្ត​នីតិវិធី​ ​ដើម្បី​ស្នើ​សុំ​ជំនួយ​ពី​រដ្ឋា​​ភិ​បាល​​ចិន​។ រដ្ឋ​​មន្រ្តី​ក្រសួងសាធារណការ និង​ដឹក​​ជញ្ចួន​ ​ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ផ្លូវជាតិ​លេខ​​​៧​ (ក្រចេះ-ត្បូងឃ្មុំ)​។

លោក​ថា ​“ខ្ញុំឈរនៅលើទឹកដីក្រចេះក៏សុំជម្រាបផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកឱ្យសិក្សាការសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀតនៅក្រចេះ ដើម្បីឱ្យបងប្អូនយើងនៅក្រចេះ ឆ្លងទៅកំពង់ធំ។ល។​អាចធ្វើដំណើរឆ្លងកាត់តាមស្ពាននេះបាន។”

ឯកឧត្តមទេស ​បានបញ្ជាក់ច្បាស់ៗ​ថា ​​ការសិក្សា​គម្រោង​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ នៅ​ខេត្ត​ក្រចេះនេះ បានធ្វើចប់សព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងសាធារណការ និងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភាក្សាគ្នាចរចាតម្លៃជាមួយក្រុមហ៊ុនសាងសង់ប៉ុណ្ណោះ។

រហូតមកដល់ពេលនេះ គម្រោងនេះ​បានសិក្សាចប់ ហើយឈានដល់ដំណាក់កាលត្រៀមចរចាហើយ។ ជំហាន​បន្ទាប់ គឺការ​ដាក់​សំណើគម្រោងទៅកាន់រដ្ឋាភិ​​បាល​ចិ​នដើម្បីសុំប្រាក់កម្ចី ក្រោយពីបានឯកភាពពីនាយករដ្ឋមន្ត្រី។​ ​

សូមបញ្ជាក់ថា គម្រោងស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ​​នេះ ​មាន​ប្រវែង សរុប ១៧៦១ ម៉ែត្រ និង​គ្រោង​សាងសង់​នៅ​​ឆ្នាំ ​២០២១ ដែលត្រូវបានក្រសួងសាធារណការដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍរបស់ខ្លួន ដែលបានលើកឡើងការពីសន្និសីទព័ត៌មានស្តីពីរបាយការណ៍ និងវឌ្ឍនភាពក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីដើមឆ្នាំនេះ។

ចំពោះទីកន្លែងចំណុចសាងសង់ មានព័ត៌មានលើកឡើងថា ប្រហែលជា​​អាចនឹងធ្វើពីចន្លោះកោះទ្រុង និងកោះឆាង បើមើលតាមផែនទី។ តែទីតាំងជាក់លាក់ ធ្លាប់ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឲ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត៕

(អានបន្ថែម)

- Video Advertisement -