គ្រឹះស្ថានអង្គរ បើកដំណើរការលក់ និងពិនិត្យសំបុត្រតាមប្រព័ន្ធអនឡាញជាផ្លូវការ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងគោលបំណងបង្កើនបទពិសោធន៍សម្រាប់ទេសចរណ៍អន្តរជាតិ គ្រឹះស្ថានអង្គរ បានប្រកាសបើកដំណើរការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធអនឡាញជាផ្លូវការហើយ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។
ប្រព័ន្ធនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាប្រតិបត្តិករទេសចរទាំងអស់ គ្រឹះស្ថានអង្គរ ក៏បានបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្រអនឡាញ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមរយៈគេហទំព័រ (www.angkorenterprise.gov.kh) និងបានបង្កើតម៉ូបាលអេប (Mobile App) នៅលើ Google និង Apple store សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរ ចូលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មាន។
បន្ថែមពីនេះ ដើម្បីសម្រួល ដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការទិញសំបុត្រចូលទស្សនាចូលរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ បានដកចេញនូវព័ត៌មានមិនចាំបាច់មួយចំនួនពីប្រព័ន្ធលក់សំបុត្រ និងបានអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការលក់សំបុត្រ ដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ (Self-Service Machine) ដែលត្រូវបានដាក់លើទីតាំងចំនួន ៣ កន្លែង រួមមាន៖ ទី១-នៅបញ្ជារលក់សំបុត្រគ្រឹះស្ថានអង្គរ ចំនួន ៦ គ្រឿង; ទី២-នៅប៉ាវីអង្គរ ចំនួន ៦ គ្រឿង; និង ទី៣-នៅផ្សារទំនើបដឺហេរីថេកវ័ក ចំនួន ៣ គ្រឿង; សរុបទាំងអស់មានចំនួន ១៥ គ្រឿង។
ជារួម ភ្ញៀវទេសចរអន្តរជាតិ និងភ្នាក់ងារទេសចរទាំងអស់ អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមបួនរបៀប រួមមាន៖ ទី ១-តាមអនឡាញ; ទី ២-តាមម៉ូបាលអេប; ទី ៣-តាមម៉ាស៊ីនស្វ័យប្រវត្តិ; និង ទី ៤-តាមបញ្ជារលក់សំបុត្រ។
គួរបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំនេះ ដោយគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៤៨.៩៥០.៣៥៤ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ (អានបន្ថែម)
ជាមួយនឹងការដាក់ឱ្យដំណើរការនេះ គ្រឹះស្ថានអង្គរមានគោលបំណងជួយសម្រួលដល់ការធ្វើដំណើរកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរ និងជំរុញឧស្សាហកម្មទេសចរណ៍ ខណៈដែលកម្ពុជាបន្តងើបឡើងវិញ និងរីកចម្រើនក្រោយជំងឺរាតត្បាត។
- Video Advertisement -