ចិនកំពុងជួយថៃនាំមុខប្រទេសអាស៊ានលើគម្រោងបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ទីក្រុងឆ្លាតវៃ និងពាណិជ្ជកម្មឆ្លងព្រំដែន
ប្រទេសចិន និងថៃកំពុងរួមគ្នាបង្កើតប្រព័ន្ធអេកូឌីជីថលដ៏រឹងមាំមួយ សំដៅអភិវឌ្ឍទីក្រុងឆ្លាតវៃ និងលើកកម្ពស់ពាណិជ្ជកម្មឆ្លងព្រំដែន ក្រោមចក្ខុវិស័យពង្រីកការប្រើប្រាស់បច្ចេកវិទ្យារបស់ចិននៅទូទាំងអាស៊ីអាគ្នេយ៍។ ទីភ្នាក់ងារជំរុញសេដ្ឋកិច្ចឌីជីថលនៃប្រទេសថៃ (TDT) សហការជាមួយទីក្រុងដូចជា Shenzhen និង Hangzhou ក៏ដូចជាខេត្ត Guangxi និង Yunnan កំពុងដឹកនាំគំនិតផ្តួចផ្តើមនេះ យោងតាមសារៈព័ត៌មានចិន scmp កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤។
ភាពជាដៃគូនេះ ដែលត្រូវបានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវនៅទីក្រុងហុងកុងកាលពីសប្តាហ៍មុន ផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល មានដូចជាខ្សែកាបក្នុងបាតសមុទ្រ និងមជ្ឈមណ្ឌលឡាស៊ែរក្នុងតំបន់ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសថៃ និងស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន នេះបើយោងតាមលោក Supakorn Siddhichai អនុប្រធានប្រតិបត្តិនៃទីភ្នាក់ងារ TDT។
ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ក៏បញ្ហាប្រឈមនៅតែមាន ជាពិសេសទាក់ទងនឹងលំហូរទិន្នន័យសុវត្ថិភាព ដែលជាបញ្ហាសំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថល។ Supakorn បានទទួលស្គាល់ថា ខណៈពេលដែលហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសថៃនៅតែបន្តប្រសើរឡើង ការធានាភាពឯកជន និងសុវត្ថិភាពទិន្នន័យគឺជាឧបសគ្គដ៏សំខាន់មួយ៖ “បញ្ហាគឺថា យើងនឹងពិបាកគ្រប់គ្រងទិន្នន័យដែលយើងបញ្ជូន ឱ្យចំគោលដៅដែលយើងចង់បាន “។
វិធានការបទប្បញ្ញត្តិរបស់ប្រទេសចិន ដូចជាច្បាប់ថ្មីចំនួន ១៤ ដែលចេញដោយរដ្ឋបាល Cyberspace នៃប្រទេសចិនក្នុងខែមីនា គូសបញ្ជាក់អំពីតម្រូវការសម្រាប់ទិន្នន័យដើម្បីឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពយ៉ាងតឹងរ៉ឹង មុនពេលបញ្ជូនទៅក្រៅប្រទេស។ ការចូលរួមរបស់ប្រទេសថៃនៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មឌីជីថលសកល ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល (DEPA) នៅតែស្ថិតក្រោមការវាយតម្លៃ ទោះបីជាវាត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនដោយរលូននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ក៏ដោយ។
ភាពជាដៃគូនេះមិនមែនជារឿងថ្មីទេ។ ចាប់តាំងពីឆ្នាំ ២០១៧ មក រដ្ឋាភិបាលក្រុង Shenzhen បាននិងកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃ ដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត និងការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ដោយពង្រឹងបន្ថែមលើការវិវត្តន៍ឌីជីថលរបស់ប្រទេសថៃ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរឆ្ពោះទៅរកការបង្កើនប្រសិទ្ធភាពយ៉ាងពេញលេញនូវភាពជឿនលឿនទាំងនេះ ឱ្យទៅជាទីក្រុងឆ្លាតវៃ និងផ្នែកពាណិជ្ជកម្មបានពិតប្រាកដមែននោះ គឺពឹងផ្អែកលើការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការគ្រប់គ្រងលំហូរទិន្នន័យ។
គួររំលឹកថា កិច្ចសហប្រតិបត្តិការរបស់ប្រទេសចិនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មានគោលបំណងពង្រឹងភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ជាពិសេសក្នុងទំនាក់ទំនង 5G ការសាងសង់ទីក្រុងឆ្លាតវៃ និងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន។ កិច្ចសហការរបស់ប្រទេសថៃជាមួយក្រុមហ៊ុនយក្សចិន Huawei, Alibaba និង Tencent បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដឹកនាំប្រទេសផ្សេងទៀតក្នុងអាស៊ាន និងជំរុញកំណើនឌីជីថលនៅក្នុងតំបន់នេះឱ្យក្លាយជាការពិត។ ជាផ្នែកមួយនៃភាពជាដៃគូនេះ ប្រតិភូទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃ បានទៅទស្សនាបច្ចេកវិទ្យា Zhejiang Dahua ក្នុងទីក្រុង Hangzhou កាលពីដើមខែនេះ ដើម្បីពិភាក្សាអំពីលើប្រធានបទមួយចំនួនពាក់ព័ន្ធនវានុវត្តន៍ ឱ្យបានមុនសមាជ Smart City Expo World Congress ដែលកំពុងតែខិតជិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ៕
- Video Advertisement -