ចិនប្រកាសពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា ដោយផ្តោតលើការផលិតស្រោមដៃពេទ្យសម្រាប់នាំចេញ!

ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. មកពីខេត្តហឺប៉ី សាធារណរដ្ឋប្រជាមានិតចិន ចង់ពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារខ្លួននៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុងវិនិយោគនៅប្រទេសកម្ពុជាស្រាប់។

នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុនចិន Shijiazhuang Hongray Group Co., Ltd. កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ លោក លាវ គួយស៊ី(Liu Guixi) បានលើកឡើងថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺក្នុងគោលបំណងស្វែងរកទីតាំងថ្មី ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ដោយមានតម្រូវការពង្រីកខ្សែច្រវាក់ផលិតកម្មរហូតដល់ទៅ ១០ខ្សែបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននេះ។ ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការយកជ័រកៅស៊ូក្នុងស្រុកឱ្យបានច្រើនជាអតិបរមាធ្វើជាធាតុចូលផលិតកម្ម ជំនួសឱ្យការប្រើសារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថានដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។

គួរបញ្ជាក់ថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំកន្លងមកហើយក្នុងការផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) សម្រាប់នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។ កន្លងមកនេះ ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ក៏បានសហការជាមួយក្រុមហ៊ុន Medtecs MSEZ Corp.,Ltd បណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេហាតធេន ស្ថិតនៅខេត្តស្វាយរៀងផងដែរ។

ការវិនិយោគបន្ថែមទៀតនេះ កំពុងបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងកើនឡើងរវាងប្រទេសចិន និងកម្ពុជា ជាពិសេសក្នុងវិស័យផលិតកម្មថែទាំសុខភាព និងគូសបញ្ជាក់អំពីសក្តានុពលសម្រាប់ការបង្កើតការងារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ

រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម […]

កម្ពុជា-អាមេរិក បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកឱកាសវិនិយោគ និងពង្រឹងសេដ្ឋកិច្ចជាតិ

ក្នុងបេសកកម្មពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងស […]

រោងចក្រកែច្នៃគ្រាប់ជ័រ និងសម្ភារវេចខ្ចប់ខេត្តព្រះសីហនុ តម្លៃជាង ៥0ម៉ឺនដុល្លារ នឹងដំណើរការឆាប់ៗនេះ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ជ័រ និងសម្ភារវេចខ្ច […]

កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន ១៣ បង្កើ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះប […]