ចិនសម្លឹងឃើញឱកាសវិនិយោគលើវិស័យសំណង់នៅកម្ពុជា
សមាគមអ្នកសាងសង់កម្ពុជា (CCA) បានទទួលស្វាគមន៍គណៈប្រតិភូជំនួញជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន (CABC) មកទីក្រុងណានតុង ប្រទេសចិន កាលពីខែមិថុនា កន្លងមកនេះដើម្បីពិភាក្សាពីការរីកចម្រើននៃវិស័យឧស្សាហកម្មសំណង់នៅកម្ពុជា។ នេះជាលើកទី៣ហើយ ដែលភាគីទំាងពីរបានជួបពិភាក្សាជាមួយគ្នាស្តីពីទីផ្សារវិស័យសំណង់នៅកម្ពុជា។

កិច្ចពិភាក្សាពាណិជ្ជកម្មមួយនេះបានធ្វើឡើងកាលពីថ្ងៃទី ១៣ ខែមិថុនា នៅរដ្ឋលេខាធិការរបស់ CCA ក្នុងវិមានកាណាឌីយ៉ា។ CABC បានអញ្ចើញក្រុមហ៊ុនអ្នកសាងសង់ និងអ្នកអភិវឌ្ឍក្នុងវិស័យសំណង់ជាង ២០ស្ថាប័នធំៗមកពីទីក្រុងណានតុង។
ក្រោយពីបានធ្វើបទបង្ហាញដោយ CCA ស្តីពីទីផ្សារវិស័យសំណង់នៅកម្ពុជារួចហើយ គណៈប្រតិភូ CABC បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការស្វែងរកក្រុមហ៊ុនដៃគូសហការអាជីវកម្មជាមួយក្រុមហ៊ុនសាងសង់ក្នុងស្រុក។

ក្នុងអំឡុងពេលធ្វើបទបង្ហាញ CCA ក៏បានបង្ហាញឲ្យដឹងដែរថា ប្រទេសចិនបានឈរនៅលេខរៀងទី១ ចំពោះការវិនិយោគវិស័យសំណង់នៅកម្ពុជា បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងហើយក្នុងឆ្នាំ ២០១៦ ចិនបានបោះទុនវិនិយោគប្រមាណ ៨៤១ លានដុល្លារនៅកម្ពុជា។

គួរជម្រាបថា រយៈពេលបួនខែដើមឆ្នាំ២០១៧ វិស័យសំណង់កម្ពុជាទទួលបានទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៤៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)។
MLMUPC ក៏បានបង្ហាញដែរថា គម្រោងសាងសង់ប្រមាណជាង ១,០២០ គម្រោង ត្រូវបានអនុម័តក្នុងអំឡុងខែមករា ដល់ខែមេសា ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានតែ ៧១២ គម្រោងប៉ុណ្ណោះដែលត្រូវបានអនុម័ត។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនសាងសង់មានប្រមាណ ៩៧០ក្រុមហ៊ុន ហើយក្រុមហ៊ុនផ្នែករចនាមានប្រមាណជាង ៤១ក្រុមហ៊ុនដែល កំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។

រហូតមកដល់ពេលបច្ចុប្បន្ន សមាគមអ្នកសាងសង់កម្ពុជា បានសហការជាមួយស្ថាប័ន អន្តរជាតិជាច្រើនទាក់ទងនឹងវិស័យឧស្សាហកម្មសំណង់ និងអចលនទ្រព្យ។ សមាគមក៏បានផ្សារភ្ជាប់កម្ពុជា ជាមួយសហព័ន្ធអ្នកសាងសង់អាស៊ានក្នុងឆ្នាំ២០១១ សមាគមសហព័ន្ធអន្តរជាតិអាស៊ី និងប៉ាស៊ីហ្វិក (IFAWPCA) នៅឆ្នាំ២០១៥ ក្រុមប្រឹក្សាពាណិជ្ជកម្មចិន – អាស៊ាន (CABC) នៅឆ្នាំ ២០១៤ និងគណៈកម្មាធិការសហប្រតិបត្តិចិនអាស៊ានក្នុងឆ្នាំ២០១៥៕
- Video Advertisement -