ចិន គ្រោងសាងសង់សាកលវិទ្យាល័យធំមួយនៅជ្រោយចង្វារ
ឯកឧត្តមបណ្ឌិត អ៊ិត សំហេងនិងគណៈប្រតិភូចិន ក្នុងពិធីប្រគល់វត្ថុអនុស្សាវរីយ៍
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ដោយបានស្វែងយល់អំពីស្ថានភាព គោលនយោបាយអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ភាគីចិន មានគម្រោងចង់បង្កើតសាកលវិទ្យាល័យធំមួយនៅភ្នំពេញ ប្រទេសកម្ពុជា ដោយផ្តល់ការអបរំ ថ្នាក់មហាវិទ្យាល័យជាច្រើន ជាភាសាខ្មែរ ចិន និងភាសាផ្សេងទៀត។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះ បន្ទាប់ពីជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃសាកល វិទ្យាល័យពហុបច្ចេកទេស ធានជីង (Tianjin Polyethnic University) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Lian Jie លេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិន កាលពីព្រឹកថ្ងៃទី៥ មិថុនា នៅទីស្តីការក្រសួង។
យោងតាមភាគីចិនឲ្យដឹងថា គម្រោងនេះ នឹងជំរុញឲ្យសម្រេចបានជោគជ័យនាពេលឆាប់ៗខាងមុខ ក្នុងខួបលើកទី៦៥ នៃទំនាក់ទំនងដ៏ល្អ រវាងកម្ពុជានិងចិន។ ឯកឧត្តមក៏បានផ្តល់ការគាំទ្រជាមួយនឹងគម្រោងនេះ ប៉ុន្តែ ភាគីចិនអាចមានជំរើសប្រសិនបើការបណ្តុះបណ្តាលកម្រិតខ្ពស់យ៉ាងដូច្នេះ គឺចិនអាចធ្វើជាដៃគូជាមួយស្ថាប័នមួយចំនួនទៀតដែលពាក់ព័ន្ធ។
ទោះជាយ៉ាងណា ជំនួបនេះ មិនត្រូវគេបានបញ្ជាក់លម្អិតថា ពេលណា គម្រោងនេះ នឹងចាប់ផ្តើមដំណើរការ ហើយទឹកប្រាក់វិនិយោគប៉ុន្មាន នឹងត្រូវចំណាយនោះទេ។
ឯកឧត្តមបន្តថា ភាគីចិន នឹងចាប់ដៃគូសហការជាមួយក្រុមហ៊ុន (OCIC) ក្រោមការ គ្រប់គ្រងរបស់លោកឧកញ៉ា ពុង ឃាវសែ និងជាប្រធានសមាគមសម្ព័ន្ធខ្មែរចិន ដើម្បីបង្កើតសាកលវិទ្យាល័យដ៍ធំមួយ នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា សាលកវិទ្យាល័យនេះនឹងរួមវិភាគទានយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលបណ្តុះបណ្តាលលើកម្រិតជាន់ខ្ពស់ តាំងពីកម្រិតបណ្ឌិត អនុបណ្ឌិត រហូតដល់វិជ្ជាជីវៈ (សញ្ញាបត្រជាន់ខ្ពស់ ដល់វិញ្ញាបនបត្រ) ដែលការបង្រៀននេះ ប្រើប្រាស់ ជាភាសាខ្មែរ ចិន និងភាសាដទៃផ្សេងទៀត៕

