ចិន និងជប៉ុន សម្រេចជួយកម្ពុជាជិត ៦លានដុល្លារ ដើម្បីបន្តអនុវត្តការងារបោសសម្អាតមីន
នៅក្នុងវិធានការដ៏សំខាន់មួយ ដើម្បីបង្កើនសុវត្ថិភាព និងលើកកម្ពស់ការអភិវឌ្ឍន៍ រដ្ឋចិន និងជប៉ុនបានផ្តល់ជំនួយជិត ៦លានដុល្លារ ដើម្បីគាំទ្រដល់ប្រតិបត្តិការបោសសម្អាតមីនដែលកំពុងបន្តនៅក្នុងប្រទេសកម្ពុជា។ ថវិកានេះនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងសេវាសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដោយផ្តោតលើខេត្តចំនួនប្រាំបីដែលកំពុងរងផលប៉ះពាល់ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
បើតាមការបញ្ជាក់របស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានឱ្យដឹងថា រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងចំនួន ៤.៤០០.០០០ដុល្លារ ដើម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការងារបោសសម្អាតមីននៃ “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Projection) សម្រាប់រយៈពេល ១២ខែ (០១ មីនា ២០២៥-២៨ កុម្ភៈ ២០២៦) ដោយការងារនេះនឹងត្រូវអនុវត្តក្នុងខេត្តចំនួន៧ រួមមាន៖ ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង។
គម្រោងជំនួយនេះ គាំទ្រដោយអ្នកជំនាញបច្ចេកទេសជាង ៤០០នាក់ របស់អង្គភាព CMAC និងអនុវត្តសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ ១)ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួនជាង ៣.៤០០ហិកតា ២) ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលើ ៣) ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ ៤) ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។
ជំនួយខាងលើនេះ ស្ថិតក្នុងដំណាក់កាលទី៣ នៃឆ្នាំ២០២៥ ក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលមានរយៈពេលគិចចាប់ពីខែមីនា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នំា២០២៦ មានថវិកាសរុបចំនួន ១៣.២០០.០០០ ដុល្លារ។
ក្រៅពីការរួមចំណែករបស់ប្រទេសចិន, រដ្ឋាភិបាលជប៉ុន ក៏បានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន(JMAS) ដែលមានថវិកាសរុប១.៣០២.៥៣៩ដុល្លារ សម្រាប់អនុវត្តគម្រោងចំនួន២ គឺ “គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង PRDB” និង “គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង PRCS”។
គំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែផ្តោតលើការបោសសម្អាតមីន និងគ្រាប់បែកចង្កោមប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្តល់ការអប់រំដល់សហគមន៍មូលដ្ឋានអំពីការការពារហានិភ័យពីមីន និងបណ្តុះបណ្តាលកសិករក្នុងការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្មផងដែរ។
ចាប់តាំងពីឆ្នាំ២០១៨ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងនេះ អង្គភាពCMAC បានរំដោះផ្ទៃដីសរុបចំនួនជាង១៥.០៦០ ហិកតា និងរកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២.៨៤៤ គ្រាប់។
- Video Advertisement -