ចៅហ្វាយខេត្តកោះកុង៖ ព្រលានយន្តហោះតារាសាគរមិនមែនសម្រាប់បម្រើវិស័យយោធាទេ
រូបភាពដោយ: The New York Times
រដ្ឋបាលខេត្តកោះកុងថ្មីៗនេះបានច្រានចោលការលើកឡើងថាព្រលានយន្តហោះតារាសាគរធ្វើឡើងសម្រាប់បម្រើវិស័យយោធានិងបានបញ្ជាក់ច្បាស់ថា ដោយអះអាងថាតំបន់នេះ ត្រូវបានកសាងឡើងសម្រាប់វិស្សមកាលទេសចរណ៍ប៉ុណ្ណោះ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ មិថុនា ២០២០ នេះ ដែលបានលើកឡើងអំពីការមានមន្ទិលសង្ស័យពីអ្នកវិភាគកន្លងមក ដែលបានលើកឡើងថា ព្រលានយន្ដតារាសាគរនេះ កសាងឡើងសម្រាប់បម្រើវិស័យយោធា។
ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកសារព័ត៌មានបែបនេះ កន្លងមកមាន អ្នកវិភាគមួយចំនួនបានរិះគន់ដូច្នេះ ដោយសំអាងលើភស្តុតាងមួយចំនួនដូចជា ១) វិសាលភាពនៃគម្រោងដែលមានទំហំផ្លូវធំជាងយន្តហោះស៊ីវិលធម្មតា ២) រយៈពេលសម្បទានដី ៩៩ ឆ្នាំយូរលើសពីធម្មតាដែលធ្វើឲ្យអ្នកជំនាញព្យាករថាចិនអាចនឹងមានផែនការយកដីនេះជាកម្មសិទ្ធិអចិន្រ្តៃយ៍ ៣) ទំហំដីធំជាងទំហំអតិបរមារបស់ដីសម្បទានដែលចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដល់ទៅបីដង និងភស្ដុតាងដទៃទៀត។ នេះបើយោងតាម អត្ថបទវិភាគរបស់សារព័ត៌មានដ៏ល្បីល្បាញមួយក្នុងប្រទេសចិន South China Morning Post (SCMP) កាលពីឆ្នាំ ២០១៩។ (អានបន្ថែម)
ឆ្លើយតបនឹងការលើកឡើងនេះ អភិបាលខេត្តកោះកុងបានបដិសេធថា៖ «ចំពោះគម្រោងព្រលានយន្តហោះនៅតារាសាគរ មានព័ត៌មានថាព្រលានយន្តហោះនេះ គឺបម្រើឲ្យវិស័យយោធា ខ្ញុំសូមបញ្ជាក់ថា គឺមិនពិតទេ ព្រោះតំបន់នោះត្រូវបានគេបង្កើតជាតំបន់វិស្សមកាលទេសចរណ៍។ ជាធម្មតាតំបន់យោធា គឺជាតំបន់ហាមឃាត់ ជាតំបន់សន្តិសុខជាតិ អញ្ចឹងតំបន់ ដែលការពារបែបនេះ ទេសចរ ពាណិជ្ជកម្មអី មិនអាចទៅកម្សាន្តបានទេ។»
លោកជំទាវ ក៏បានបញ្ជាក់ថា តំបន់នេះមានការរៀបចំសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការដឹកជញ្ជូនប៉ុណ្ណោះ។ បច្ចុប្បន្ន គម្រោងនេះសម្រេចបានប្រមាណជាង ៥០ ភាគរយ អាចនឹងបញ្ចប់ជាស្ថាពរនៅអំឡុងចុងឆ្នាំ ២០២០ ឬដើមឆ្នាំ ២០២១។
គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Union Development Group (UDG) ក្រោមទុនវិនិយោគសរុបចំនួន ២០០ លានដុល្លារ រួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ ម៉ែត្រ និងទទឹង ៦០ ម៉ែត្រ និងស្ថានីយអ្នកដំណើរ។
ជាមួយគ្នានេះដែរ លោកស្រី ក៏បានបញ្ជាក់អំពីគម្រោងព្រលានយន្ដហោះថ្មីមួយទៀត មានទីតាំងនៅក្បែរទីរួមខេត្តកោះកុងកំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ដោយសារគម្រោងនេះត្រូវបានផ្លាស់ប្ដូរទីតាំងចាស់ មូលហេតុដោយសារតែកៀកជាមួយទីរួមខេត្តខ្លាំងពេក ដែលបណ្ដាលឲ្យមានផលប៉ះពាល់ច្រើន៕

