ចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ ក្រោមជំនួយជប៉ុន នៅព្រះសីហនុ សម្ពោធបើកដំណើរការជាផ្លូវការហើយ
ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះហើយ។ ពិធីសម្ពោធនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំណតផែកុងតឺន័រ ដែលមានប្រវែង ២៥៣ម៉ែត្រនេះ ត្រូវបានសាងសង់កែសម្រួលជាចំណតផែថ្មី ដោយមានបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបៗរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទQC (០២គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទRGT (០៦គ្រឿង)។
ឯកឧត្តមបន្តថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាន និង កំពុងជួយបំពេញបន្ថែមមុខងាររបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥ម៉ឺនធីអីយូ/ឆ្នាំ ទៅ ១លានធីអ៊ីយូ/ឆ្នាំ និងអាចឱ្យនាវាកុងតឺន័រ មានជម្រៅទឹក -១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករនឹងអាចកើនឡើងពី១៨ភាគរយ ទៅប្រមាណ ៣៨ភាគរយ នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវា ដែលមានផ្លូវរត់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអាចនឹងកើនឡើងរហូតដល់ ៤៩,២៥ភាគរយ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចាត់ទុកថា ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនេះ នឹងផ្តល់ជាជម្រើសបន្ថែម សម្រាប់ជួយបំពេញមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលដៅពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹងទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង៣ជំហាន នាពេលអនាគត។
គួររំលឹកថា គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីនៅខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់ជាស្ថាពរក្នុងកំឡុងខែសីហា ឆ្នាំ២០២៤ ដោយចំណាយថវិកាអស់ប្រមាណ ៣៧,៥លានដុល្លារអាម៉េរិក ក្នុងនោះរួមមានឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនចំនួនប្រមាណ ១០លានដុល្លារអាមេរិក និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២៧,៥លានដុល្លារអាមេរិក។ (អានបន្ថែម)


- Video Advertisement -