ចំណតរថយន្តក្រោមដីទទួលបានភ្លើងបៃតង
ចំណតរថយន្តក្រោមដីស្ថិតនៅចន្លោះអគារកាណាឌីយ៉ា និងអគារវឌ្ឍនៈក្នុងទីប្រជុំជនរាជធានីភ្នំពេញ ដែលអភិវឌ្ឍន៍និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា(OCIC) និងដែលគេរង់ចាំជាយូរមកហើយនោះ គ្រោងនឹងបើកនៅដើមឆ្នាំក្រោយ។
ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនធ្វើការអភិវឌ្ឍជាច្រើនរាប់សិបនិងជាម្ចាស់ធនាគារកាណាឌីយ៉ានោះ នឹងបើកសម្ពោធចំណតរថយន្តក្រោមដីខ្នាតធំទីមួយនៅខែមករា ឆ្នាំ២០១៨ បន្ទាប់ពីការសាងសង់អស់រយៈពេលជិត ២ឆ្នាំ ចាប់តាំងពីចាប់ផ្តើមការងារនៅចុងឆ្នាំ២០១៥ ។
លោក ឈិន ហុក អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន OCIC ដែលទទួលខុសត្រូវគម្រោងនេះបានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យនៅចុងខែធ្នូថា “ផ្នែកខាងក្នុងនិងខាងក្រៅនៃសំណង់ចំណតរថយន្តនេះបានបញ្ចប់ទាំងស្រុងហើយ យើងគ្រាន់តែនៅរង់ចាំការសាងសង់ច្រកចូលនៅជិតផ្លូវលេខ៧៧ ប៉ុណ្ណោះ។” លោកបានបន្ថែមថា “ច្រកចូលនេះត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់នៅសប្តាហ៍ដំបូងនៃខែមករា។”
តាមលោក ហុក ទីកន្លែងនេះមានទំហំប្រហែល ៩,០០០ម៉ែត្រការ៉េ និងមានពីរជាន់ ដែលអាចផ្ទុករថយន្តបានរហូតដល់ ៣០៤គ្រឿង។
ក្នុងករណីមានការដាច់អគ្គិសនី ភ្លើងអំពូល LED ស្វ័យប្រវត្តិនឹងដំណើរការ ហើយការគ្រប់គ្រងទឹកជន់លិចគឺប្រើប្រព័ន្ធស្រូបទឹកដោយស្វ័យប្រវត្តិ។ លោក ហុក បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនក៏បានបំពាក់នូវវិធីសាស្រ្តទប់ស្កាត់រាល់ហានិភ័យគ្រប់ប្រភេទទាំងអស់។
លោក Samreth Mardi ស្ថាបត្យករក្រុមហ៊ុន OCIC ដែលជាអ្នកបង្កើតប្លង់មេបានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា នៅពេលកន្លែងនេះរួចរាល់ ម៉ូតូនិងរថយន្តរបស់បុគ្គលិក និងអ្នកជួលដែលធ្វើការនៅធនាគារ ព្រមទាំងភ្ញៀវនឹងអាចចតនៅទីនោះ។
លោកបានមានប្រសាសន៍ថា “ការកកស្ទះចរាចរណ៍និងកំណើនចំនួនយានយន្តរបស់បុគ្គលិកនិងមនុស្សធ្វើការនៅអគារកាណាឌីយ៉ា បានជំរុញឲ្យយើងសាងសង់ចំណតយានយន្តក្រោមដីនេះឡើង ដើម្បីកាត់បន្ថយការកកស្ទះ។”
តាមកាសែតភ្នំពេញប៉ុស្តិ៍ ដំបូងឡើយការវិនិយោគគ្រោងនឹងចំណាយទឹកប្រាក់ ៤លានដុល្លារ ប៉ុន្តែការវិនិយោគនេះបានកើនឡើងដល់ជិត៧លានដុល្លារគិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៧។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មេត មាសភក្តី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សាលារាជធានីភ្នំពេញបានសហការជាមួយក្រុមអ្នកជំនាញម៉ាឡេស៊ីដើម្បីបង្កើតជម្រើសចំណតយានយន្តក្រោមដីមួយទៀតសម្រាប់សាធារណជនដែលស្ថិតនៅចន្លោះរវាងផ្លូវលេខ១០៦ និងផ្លូវលេខ១០៨ ក្បែរផ្សាររាត្រី ។
ខណៈពេលដែលការនាំចូលយានយន្តកំពុងកើនឡើងជាបន្តបន្ទាប់ កំណត់ត្រារបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបង្ហាញថា មានរថយន្តជាង ៦០០,០០០គ្រឿង និងម៉ូតូចំនួន ៣.៥លានគ្រឿងកំពុងធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ តំបន់ទីប្រជុំជននឹងត្រូវប្រកួតប្រជែងកាន់តែច្រើនឡើងនាពេលអនាគត ដោយសារតែកន្លែតចតយានយន្តទំនេរមានតិចតួចនៅក្នុងរាជធានី។
ការកើនឡើងនូវការកកស្ទះចរាចរណ៍គឺជាបញ្ហាព្រួយបារម្ភមួយនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ហើយសាលារាជធានីភ្នំពេញបានសហការជាមួយក្រុមអ្នកជំនាញម៉ាឡេស៊ីដើម្បីស្វែងរកផ្លូវដែលអាចអភិវឌ្ឍន៍ផ្លូវដើរឆ្លងកាត់ ផ្លូវដើរក្រោមដី និងផ្លូវហាយវេនៅតាមទីតាំងជាច្រើននៅទូទាំងរាជធានី នេះបើតាមការលើកឡើងរបស់លោក មេត មាសភក្តី ដែលបានលើកថាការសិក្សាកំពុងត្រូវបានអនុវត្ត។
- Video Advertisement -