ឆ្នាំនេះរដ្ឋគ្រោងទម្លាក់ថវិកា ៣០លានដុល្លារ សម្អាតមីនលើផ្ទៃដីជាង ១៨០លានម៉ែត្រក្រឡា

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់កញ្ចប់ថវិកា ៣០លានដុល្លារអាមេរិក ឱ្យអាជ្ញាធរមីន (CMAC) ក្នុងការ​បោសសម្អាតមីនលើផ្ទៃដីប្រមាណ  ១៨០.២៧៨.៨១៧ ម៉ែត្រក្រឡា នៅឆ្នាំ២០២៣ ខណៈផ្ទៃដីមានមីនប្រមា​ណ​ ៤១១គីឡូម៉ែត្រក្រឡា ត្រូវធ្វើការបោសសម្អាត។

បើតាមឯកឧត្តមឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កញ្ចប់ថវិកានេះ ត្រូវបានទម្លាក់ទៅក្នុងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាមួយគ្នានេះ អាជ្ញាធរមីន នឹងប្រើប្រាស់កញ្ចប់ថវិកានេះ ដោយបែងចែកទៅឱ្យអង្គភាពដូចខាងក្រោម៖

  • កងទ័ពជើងគោក បោសសម្អាតផ្ទៃដីសរុបចំនួន ៤៦ ៨៤៣ ៧៤០ ម៉ែត្រក្រឡា នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ
  • មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសម្អាតផ្ទៃដីសរុបចំនួន ២៧ ១១០ ៦៩៧ ម៉ែត្រក្រឡា នៅស្រុកស្នួល ខេត្តក្រចេះ ស្រុកគិរីសាគរ និងស្រុកកោះកុង ខេត្តកោះកុង និងខេត្តមណ្ឌលគិរី
  • មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បោសសម្អាតផ្ទៃដីសរុបចំនួន ១០៦ ៣២៤ ៣៨០ ម៉ែត្រក្រឡា នៅខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប។

មកទល់ពេលនេះ កម្ពុជានឹងមានរាជធានី ខេត្ត ចំនួន ១៨ ត្រូវបានប្រកាសជា រាជធានី ខេត្តអស់មីន ហើយខេត្តចំនួន ០៧ ទៀត នឹងត្រូវដាក់ផែនការបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ រួមមាន ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ពាក់ព័ន្ធនឹងការងារមីននេះដែរ គម្រោងសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺន និងសារមន្ទីរនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលផ្តល់ជំនួយដោយភាគីជប៉ុន តាមរយៈអង្គការ JICA ប្រមាណជិត ២០លានដុល្លារអាមេរិក ក៏កំពុងដំណើរការសិក្សាផងដែរ។ (អានបន្ថែម)

ថ្មីៗនេះដែរ CMAC និងក្រុមហ៊ុន OC GIOBAL បានចុះហត្ថលេខា ដែលអនុញ្ញាតឱ្យក្រុមការងារទីប្រឹក្សាជប៉ុនចុះវាយតម្លៃលំអិតអំពីប្លង់ទាំងពីរ និងពិនិត្យទីតាំងសាងសង់ជាក់ស្តែង។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយក CMAC កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Seequent Evo: ការបើកចំហរទិន្នន័យក្នុងសូហ្វវែរ បានផ្តល់ “តម្លៃមិនគួរឱ្យជឿ”

ដោយ Colleen O’Hanlon នាយកប្រតិបត្តិលោក Graham Gra […]