ជនជាតិរុស្សីក្លាយជាអ្នកវិនិយោគអចលនទ្រព្យឈានមុខគេ លើកោះភូកេតប្រទេសថៃ
ជនជាតិរុស្សីបានវ៉ាដាច់ជនជាតិចិន ដោយបានក្លាយជាអ្នកទិញខុនដូលើកោះភូកេតច្រើនជាងគេបំផុត ស្របពេលប្រជាជនរុស្សីជាច្រើននាក់បានសម្រុកចាកចេញពីប្រទេសរបស់ខ្លួន ខណៈសង្រ្គាមរវាងរុស្សីអ៊ុយក្រែននៅតែបន្ត។
សារព័ត៌មាន The Diplomat បានរាយការណ៍ថា នៅក្នុងឆ្នាំ២០២២ ជនជាតិរុស្សីបានវ៉ាដាច់ជនជាតិចិន ក្លាយជាអ្នកទិញខុនដូច្រើនបំផុត នៅលើកោះភូកេត នៃខេត្តភូកេត។ ប្រភពដដែល បានឱ្យដឹងទៀតថា បច្ចុប្បន្នមានជនជាតិរុស្សីបានកាន់កាប់អចលនវត្ថុប្រភេទខុនដូនៅលើកោះភូកេតរហូតដល់ទៅ ៤០ភាគរយ។
ភ្នាក់ងារលក់អចលនទ្រព្យមួយរូបបានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ធ្នូ ២០២២ និងខែមករា ២០២៣ កន្លងមក ជារដូវកាលលក់ដាច់បំផុត ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ភ្នាក់ងារដដែលបាននិយាយថា និន្នាការនេះត្រូវបានជំរុញ ដោយសារតែអ្នកវិនិយោគ (រុស្សី) មានការបារម្ភលើបញ្ហាសង្រ្គាម ដែលកំពុងកើតឡើង។
ក្រុមហ៊ុន Intermark Real Estate ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ បានឱ្យដឹងថា ក្នុងចំណោមប្រតិបត្តិការទិញអចលនទ្រព្យក្រៅប្រទេសក្នុងឆ្នាំ២០២២ របស់ជនជាតិរុស្សី តំបន់អាស៊ីអាគ្នេយ៍បានគ្រប់គ្រងចំណែកដល់ទៅ ២៧ភាគរយ កើនឡើងពី ១២ភាគរយ ធៀបនិងឆ្នាំ២០២១។
អ្នកជំនាញអចលនទ្រព្យថៃម្នាក់ទៀតបានបញ្ជាក់ថា ជនជាតិរុស្ស៊ី យល់ថាអចលនទ្រព្យលើកោះភូកេត ឬកោះបាលី ជាជម្រើសវិនិយោគទី១ ដោសារពួកគេយល់ថា “តំបន់អាស៊ីជាទីតាំងមានសុវត្ថិភាព និងអព្យាក្រឹតសម្រាប់ប្រជាជនរុស្ស៊ី”។
ជាមួយគ្នានេះដែរ នាយកប្រតិបត្តិក្រុមហ៊ុន Knight Frank Thailand លោក Nattha Kahapana បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ទីផ្សារខុនដូក្នុងខេត្តភូកេតត្រូវការពេលវេលាប្រហែល ១ ទៅ ២ឆ្នាំ ដើម្បីងើបឡើងវិញ ឱ្យស្មើនឹងស្ថានភាពមុនពេលកូវីដ-១៩។
គិតត្រឹមខែមករា ឆ្នាំ២០២៣ ខេត្តភូកេតស្រូបយកទេសចរជនជាតិរុស្សី បាន ២៣៣.០០០នាក់ ដែលបានក្លាយជាទេសចរបរទេសច្រើនបំផុត នៅលើកោះនេះ។ លំហូរទេសចរដ៏ច្រើនសន្ធឹកសន្ធាប់នេះបានជួយជំរុញវិស័យទេសចរណ៍ថៃឲ្យសម្រេចបានទេសចរបរទេសរហូតដល់ទៅ ១០លាននាក់ ក្នុងឆ្នាំ២០២២ កន្លងមក។ ក្នុងឆ្នាំ២០២៣នេះ ប្រទេសថៃរំពឹងស្រូបយកទេសចររុស្ស៊ីឲ្យបានចំនួន ១លាននាក់ តាមរយៈនិន្នាការថ្មីនេះ។
មានសំណួរខ្លះចោទសួរថា ហេតុអ្វីបានជាប្រទេសកម្ពុជា មិនអាចចាប់យកឱកាសនេះបាន? ខណៈប្រទេសកម្ពុជាកំពុងបើកទូលាយ ជាមួយច្បាប់វិនិយោគថ្មីដែលផ្តល់ប្រយោជន៍បន្ថែមដល់វិនិយោគិនបរទេស៕ (អានបន្ថែម)
- Video Advertisement -