ជប៉ុនកំពុងពន្លឿនរៀបចំផែនការមេ Smart City និងប្រព័ន្ធអនាម័យស្ដង់ដារនៅសៀមរាបខាងកើត
ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារ JICA កំពុងជួយកម្ពុជាពន្លឿនរៀបចំផែនការមេទីក្រុងវៃឆ្លាត (Smart City) និងសិក្សាគម្រោងសាងសងប្រព័ន្ធចម្រោះទឹកកខ្វក់ និងប្រព័ន្ធគ្រប់គ្រងអនាម័យស្ដង់ដារ នៅភូមិសាស្រ្តក្រុងសៀមរាបប៉ែកខាងកើត។
ជាក់ស្ដែងភាគីជប៉ុនបានជួយជ្រោមជ្រែងលើការងារនេះមួយរយៈហើយ ដោយកាលពីថ្ងៃ ២៨ ខែកក្កដា កន្លងទៅនេះ ភាគីទាំង២ ទើបបានជួយពិភាក្សាគ្នាម្ដងទៀត ដើម្បីតាមដាន និងពន្លឿនការងារ។
ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជារួមកិច្ចអង្គប្រជុំបានពិភាក្សាបន្ថែម អំពីវិធីសាស្ត្រ និងស្ថានភាពនៃការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យ ដែលមានភាពចាំបាច់ណាស់មុននឹងឈានទៅរកការបង្កើតទីក្រុងឆ្លាតវៃ។
បើយោងតាមផែនការដែលក្រសួងធ្លាប់បានបង្ហើបពីមុន តំបន់ ៣ រួមមាន ក្រុងសៀមរាប តំបន់បេតិកភណ្ឌ និងតំបន់ទន្លេសាប នឹងត្រូវជ្រើសដើម្បីអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ដោយរួមបញ្ចូលទាំងការងារលើកកម្ពស់សន្តិសុខ ការដឹកជញ្ជូន ការគ្រប់គ្រងសំរាម និងទេសចរណ៍ ផងដែរ។
តាមផែនការ ការងារទាំងនេះគ្រោងនឹងសម្រេចឱ្យបានទាំងស្រុងនៅឆ្នាំ ២០៣១។
គួរបញ្ជាក់ផងដែរ ទោះបីខេត្តសៀមរាបកំពុងរងសម្ពាធយ៉ាងខ្លាំងពីការធ្លាក់ចុះនៃវិស័យទេសចរណ៍ក្ដី រដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះ តួយ៉ាងដូចជា គម្រោងផ្លូវ ៣៨ខ្សែ ដែលសម្រេចបានប្រមាណ ៦៣,៨៧% ហើយត្រឹមខែមិថុនា នេះ។ (អានបន្ថែម)

