ជប៉ុនគ្រោងនឹងមកជួយដោះស្រាយបញ្ហាកសាងទីក្រុងនៅកម្ពុជា
ក្រុមហ៊ុនជប៉ុនប្រមាណជា៥៨ ក្រុមហ៊ុនមកពីផ្នែកផ្សេងៗនៃវិស័យសំណង់និងអចលនទ្រព្យ បានជួបពិភាក្សាជាមួយដៃគូសហការកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្ម ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាកសាងទីក្រុងនៅកម្ពុជា ។
គម្រោងវិនិយោគខាងលើ គឺបានបង្ហាញឲ្យដឹងក្នុងវេទិកាសាធារណៈ ឯកជនស្តីពី “ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុន”ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា។
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា៖ «កម្មវិធីនេះគឺមានគោលបំណងជំរុញបង្កើតឱកាសធុរកិច្ច និងវិនិយោគពីប្រទេសជប៉ុន មកប្រទេសកម្ពុជា លើការអភិវឌ្ឍន៍ អចលនទ្រព្យ សំណង់លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិស្ថានទីក្រុង»។
ថ្លែងទៅកាន់បណ្តាធុរកិច្ចជនក្នុងកម្មវិធីដែលមានអ្នកចូលរួមប្រមាណជា ៣០០ នាក់ ឯកឧត្តម Yuki Fumihiko អនុរដ្ឋមន្ត្រី នៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន បានឲ្យដឹងថា គោលបំណងដែលជប៉ុនមកសហការជាមួយកម្ពុជាគឺដើម្បីកុំឲ្យកម្ពុជាជួបប្រទះបញ្ហាឬបទពិសោធមិនល្អដែលខ្លួនបានជួបប្រទះកន្លងមកនាសម័យកាលដែលខ្លួនកំពុងរីកចម្រើនដូចកម្ពុជានាពេលសព្វថ្ងៃ។
«នៅពេលដែលជប៉ុនមានសេដ្ឋកិច្ចកើនឡើងខ្លាំង ជប៉ុនបានជួបប្រទះបញ្ហាលំបាកមួយចំនួនដែលត្រូវប្រឈមរួមមាន៖ បញ្ហាលំនៅដ្ឋានរបស់ប្រជាជន បញ្ហាការកកស្ទះចរាចរណ៍ និងបញ្ហាបរិស្ថានជាដើម» ឯកឧត្តម Yuki បានបញ្ជាក់យ៉ាងដូច្នេះ។
«យើងនឹងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដូចជា ទីក្រុងឆ្លាតឬ Smart City បច្ចេកវិទ្យា AI ដើម្បីដោះស្រាយបញ្ហាទីក្រុង នគរូបនីយកម្មដែលកំពុងតែចោទឡើងនាពេលបច្ចុប្បន្ន» ឯកឧត្តម Yuki បានបន្ថែម។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម Bessho Kenichi ភារធារីស្ថានទូតជប៉ុនប្រចាំកម្ពុជាក៏បានមានប្រសាសន៍ដែរថា៖ «ការរៀបចំវេទិការនេះ គឺជាពេលវេលាមួយដ៏ស័ក្កសមនៅប្រទេសកម្ពុជា ដែលនគរូបនីយកម្មកំពុងរីកចម្រើន ហើយកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ពន័្ធទាំងអស់ និងការដោះស្រាយបញ្ហាទីក្រុងគឺមានសារៈសំខាន់ណាស់ សម្រាប់លើកកម្ពស់ជីរភាពរស់នៅ និងសុភមង្គលរបស់ប្រជាជនកម្ពុជា»។
វេទិកានេះគឺមានការចូលរួមពីតំណាងក្រសួង រាជធានីខេត្ត និងស្ថាប័នពាក់ពន្ធ័ដូចជា សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា គណៈវិស្វករកម្ពុជា គណៈស្ថាបត្យករកម្ពុជា ព្រមទាំងប្រធានក្រុមហ៊ុនកម្ពុជាចំនួន ១២៥ ក្រុមហ៊ុន និងក្រុមហ៊ុនជប៉ុន ៥៨ សរុបចំនួនរហូតដល់ទៅ ៣០០ នាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០១៩ កម្ពុជា-ជប៉ុន បានចុះអនុស្សារណៈសហប្រតិបត្តិការ MOC លើការលើកកម្ពស់ឱកាសអាជីវកម្មនៅក្នុងប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍន៍ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធ។





