ជប៉ុនជួយជាង ២០ម៉ឺនដុល្លារ ជំរុញសេវាសង្រ្គោះបន្ទាន់ក្នុងពេលមានអាសន្នដោយអគ្គិភ័យក្នុងក្រុងភ្នំពេញ
រដ្ឋាភិបាលជប៉ុនបានផ្តល់វិភាគទានដ៏សំខាន់ចំនួនជាង ២០ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់គម្រោងសំខាន់ចំនួនពីរក្នុងគោលបំណងពង្រឹងសមត្ថភាពឆ្លើយតបពេលមានអាសន្នដោយអគ្គិភ័យក្នុងរាជធានីភ្នំពេញ។ មូលនិធិនេះកើតឡើងតាមរយៈកិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់គម្រោងសន្តិសុខមនុស្សជាតិខ្នាតតូចដែលគេស្គាល់ថាជា Kusanone។
ជំនួយហិរញ្ញវត្ថុនេះ នឹងត្រូវបែងចែកសម្រាប់អនុវត្តគម្រោងសំខាន់ៗចំនួន២ គឺ៖ គម្រោងទី១ មានឈ្មោះថា “គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញ” មានថវិកាចំនួន ៨៣.៦៧២ដុល្លារ។ គម្រោងនេះមានគោលបំណងបំពាក់ក្រុមពន្លត់អគ្គិភ័យក្នុងតំបន់ ជាមួយនឹងរថយន្តឯកទេសដែលត្រូវបានរចនាឡើងដើម្បីបាញ់ផ្សែងចេញពីអគារក្នុងអំឡុងពេលឧប្បត្តិហេតុអគ្គិភ័យ ដែលអាចជួយដល់ប្រតិបត្តិការជួយសង្គ្រោះប្រកបដោយប្រសិទ្ធភាព។
គម្រោងទីពីរ មានឈ្មោះថា “គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគិ្គភ័យ និងរថយន្តសង្រ្គោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ” មានថវិកាចំនួន ១៥៤.៣៧៦ដុល្លារ។ គម្រោងនេះនឹងជំរុញសេវាកម្មសង្គ្រោះបន្ទាន់របស់ទីក្រុងដោយផ្តល់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង និងមួយទៀតបំពាក់ដោយកាំជណ្ដើរប្រវែង ៤០ម៉ែត្រ ដែលអនុញ្ញាតឱ្យមានលទ្ធភាពកាន់តែច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យ។
រដ្ឋបាលរាជធានីភ្នំពេញបានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមទាំងនេះ ដោយសង្កត់ធ្ងន់ថា ជំនួយបច្ចេកទេស និងយានជំនិះទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាពនៃការអន្តរាគមន៍ពន្លត់អគ្គិភ័យនៅក្នុងទីក្រុង។ ជំនួយនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុវត្ថិភាពសាធារណៈ និងធានាថាសេវាសង្គ្រោះបន្ទាន់ត្រូវបានបំពាក់យ៉ាងល្អ ដើម្បីដោះស្រាយឧប្បត្តិហេតុប្រកបដោយប្រសិទ្ធភាព។
ដោយសាររាជធានីភ្នំពេញបន្តរីកចម្រើន ការធានាសុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋនៅតែជាអាទិភាពកំពូល ហើយភាពជាដៃគូជាមួយប្រទេសជប៉ុននេះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពឆ្លើយតបពេលមានអាសន្នរបស់ទីក្រុង។
- Video Advertisement -