ជប៉ុនជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ជាមួយកញ្ចប់ជំនួយថ្មីជាង ៤៤៦ពាន់ដុល្លារ
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់កញ្ចប់ជំនួយថ្មីដែលមានទឹកប្រាក់សរុបចំនួន ៤៤៦.៨០១ដុល្លារ សម្រាប់គម្រោងសំខាន់ៗចំនួន៣ ដែលផ្តោតលើប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាន។
ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងផ្តល់ជំនួយនេះ កាលពីថ្ងៃទី៣០ ខែមករា រួមជាមួយតំណាងមកពីស្ថាប័នទទួលជំនួយទាំងបី ក្រោមគម្រោងជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សជាតិខ្នាតតូច ដែលត្រូវបានគេស្គាល់ជាទូទៅថា (គូសាណូណិ)។
សម្រាប់គម្រោងទី១ មានតម្លៃ ១៨០.៣៩៦ដុល្លារ នឹងត្រូវប្រើប្រាស់ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រក្នុងខេត្តតាកែវ។ គម្រោងនេះផ្តួចផ្តើមឡើង ក្នុងគោលបំណងធានាការផ្គត់ផ្គង់ទឹកដែលអាចទុកចិត្តបានសម្រាប់ការងារកសិកម្ម និងលើកកម្ពស់ជីវភាព និងប្រាក់ចំណូលរបស់កសិករក្នុងមូលដ្ឋាន។
សម្រាប់គម្រោងទី២ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១៥៤.៣៥៣ដុល្លារអាម៉េរិក ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ នៅលើទន្លេមួយក្នុងខេត្តកំពង់ធំ។
សម្រាប់គម្រោងទី៣ អនុវត្តដោយរដ្ឋបាលឃុំខ្វាវ ក្នុងខេត្តសៀមរាប រដ្ឋាភិបាលជប៉ុនផ្តល់ ថវិកាចំនួន ១១២.០៥២ ដុល្លារអាម៉េរិក ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន។ ស្ពាននេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ហើយនឹងផ្តល់ឱ្យប្រជាជនមូលដ្ឋានធ្វើដំណើរ ប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុត។
ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសជប៉ុនបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដោយបានរួមចំណែកជាង ៧០លានដុល្លារដល់គម្រោង Kusanone ចំនួន៦៩៤ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល។
ការចុះហត្ថលេខាថ្ងៃនេះ គឺជាជំហានមួយទៀតក្នុងការជំរុញភាពជាដៃគូយូរអង្វែងរវាងប្រទេសជប៉ុន និងកម្ពុជា ជាមួយនឹងចក្ខុវិស័យរួមគ្នាសម្រាប់កំណើនប្រកបដោយចីរភាព និងសុខុមាលភាពសហគមន៍។



- Video Advertisement -