ជប៉ុនដាក់ដំណើរការម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិខ្នាតធំទី៤នៅភ្នំពេញ

ម៉ាស៊ីនមេកានិច ដែលមានមុខងារស្ទាក់កាយ និងប្រមូលសំរាមស្វ័យប្រវត្តិទី៤ ដែលសាងសង់ឡើងក្រោមជំនួយពីប្រទេសជប៉ុន ត្រូវបានប្រកាសដាក់ឱ្យដំណើរការនៅរាជធានីភ្នំពេញជាផ្លូវការហើយ កាលពីថ្ងៃទី៣ ខែមិថុនា កន្លងមកនេះ។

ពិធីសម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីននេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក Toshikazu TOKIOKA លេខាទី១ នៃស្ថានទូតជប៉ុន លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

ម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិនេះ មានទីតាំងនៅមុខស្ថានីយបូមទឹកផ្សារចាស់ និងស្ថានីយបូមទឹកចតុមុខ ដែលនឹងអាចជួយប្រមូលសំរាមនៅមុខប្រឡាយលូនៅស្ថានីយបូមទឹកចំនួន ៤ ដែលបានសាងសង់នៅក្នុងគម្រោងការពារទឹកជំនន់ ដំណាក់កាលទី២។

អង្គការ JICA បានឱ្យដឹងថា មុនមានម៉ាស៊ីនស្វ័យប្រវត្តិនេះ នៅពេលស្ទះលូ មនុស្សត្រូវជ្រមុជទឹកចូលក្នុងរណ្តៅដើម្បីយកសម្រាមចេញពីមុខចម្រឹងដែកស្ទាក់សម្រាម។ ប៉ុន្តែ ជាមួយនឹងម៉ាស៊ីនមេកានិចថ្មីនេះ សំរាមត្រូវបានយកចេញដោយស្វ័យប្រវត្តិ ហើយផ្ទេរចេញក្រៅដោយឧបករណ៍មេកានិចផងដែរ។

លើសពីនេះ ម៉ាស៊ីនថ្មីនេះនឹងជួយធ្វើឱ្យប្រព័ន្ធលូនៅក្នុងទីក្រុងល្អប្រសើរជាងមុន ផ្តល់សុវត្ថិភាពដល់ក្រុមការងារ ព្រមទាំងការពារបរិស្ថានទឹក ដោយការយកសំរាមចេញពីប្រព័ន្ធលូ។

គិតមកដល់ពេលនេះ ម៉ាស៊ីនប្រមូលសម្រាមចំនួន ៤កន្លែង ក្នុងចំណោម ៥កន្លែង ត្រូវបានដាក់ឱ្យដំណើរការហើយ ដែលអាចជួយកាត់បន្ថយទឹកជន់លិចនៅតំបន់មុខព្រះបរមរាជវាំង ផ្សារកណ្តាល ផ្សារថ្មី វាលមេរុហ៍ ផ្លូវលេខ១៩ ផ្លូវលេខ ១៥៤ ផ្លូវលេខ ១៤៤ ផ្លូវលេខ ១៣ និងមួយផ្នែកនៃភាគកើតនិងខាងត្បូងវត្តភ្នំ។

គួរបញ្ជាក់ថា ម៉ាស៊ីននេះ ជាផ្នែកមួយនៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ របស់ JICA តម្លៃជាង ៣៦លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]